លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសិល្បករ-សិល្បការិនី នៃសមាគមសិល្បករខ្មែរប្រមាណ១០០នាក់ ចូលរួមព្រឹត្តិការណ៍ដើរថ្មើជើងដើម្បីសន្តិភាព
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំសិល្បករ-សិល្បការិនីនៃសមាគមសិល្បករខ្មែរ ប្រមាណ១០០នាក់ ចូលរួមព្រឹត្តិការណ៍ដើរថ្មើជើងដើម្បីសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» គឺជាសារដ៏ច្បាស់លាស់ទៅកាន់អន្តរជាតិ និងប្រជាជនថៃថា កម្ពុជាចង់បានសន្តិភាព ការផ្សះផ្សារ និងការរួមរស់ដោយជំនឿទុកចិត្ត។ វត្តមានរួមគ្នារបស់ប្រជាពលរដ្ឋ គឺជាសក្ខីភាពបញ្ជាក់ថា ខ្មែរយើងតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិ។
សូមបញ្ជាក់ថា ក្នុងស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមរៀបចំសម្ភារ និងគ្រឿងឧបភោគបរិភោគ ដាក់ក្នុងរថយន្តចំនួន ១០គ្រឿង ដើម្បីត្រៀមនាំយកទៅជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក និងតំបន់គោលដៅនានា ដែលកំពុងជួបការលំបាក និងត្រូវការជំនួយបន្ទាន់។ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ និងជាពលរដ្ឋខ្មែរក្រោមមនុញ្ញផលសុខសន្តិភាព លោកជំទាវអ្នកឧកញ៉ាប្រធាន តែងតែអនុវត្តតួនាទីដោយភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់រួមចំណែកចំពោះសង្គមជាតិ។
ជាក់ស្ដែងអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង គឺជាអ្នកផ្តួចផ្តើមបង្កើតមូលនិធិមនុស្សធម៌នេះឡើង ដោយមានបំណងចែករំលែកក្តីស្រឡាញ់ ក្តីអាណិតអាសូរ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិ។ ជាពិសេសគោរពតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។
ម្យ៉ាងទៀត ការចូលរួមយ៉ាងសកម្មនាពេលកន្លងមក គឺជាគំរូដ៏ល្អប្រសើរ នៃស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវសង្គម ក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជាផងដែរ៕






