ព័ត៌មានបន្ទាន់ ! ករណីផ្ទុះមីនតោន បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ នៅស្រុកភ្នំព្រឹក

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ មានករណីផ្ទុះមីនតោនមួយបានកើតឡើង នៅចំណុចភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលមកពីត្រាក់ទ័រភ្ជួរដីជាន់លើមីនដែលសេសសល់ពីសម័យសង្គ្រាម។

ហេតុការណ៍នេះបានបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ប៉ុន សំហឿន អាយុ ៣៣ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរ (ដាច់ជើងស្តាំ និងម្រាមដៃស្តាំ) ខណៈពេលកំពុងបំពេញការងារបង្កបង្កើនផល។
ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានចុះអន្តរាគមន៍សង្គ្រោះបន្ទាន់ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយយកចិត្តទុកដាក់បំផុត។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកសិករដែលរស់នៅតំបន់ធ្លាប់មានសមរភូមិសេសសល់គ្រាប់មិនទាន់ផ្ទុះ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ប្រសិនបើឃើញវត្ថុអ្វីដែលសង្ស័យ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬអង្គភាពដោះមីនជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕

You might also like