អំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវក្រុមការងាររាជរដ្ឋាភិបាល នាំយកមកចែកជូនដល់ជនភៀសសឹកជិត ៤០០គ្រួសារ នៅស្រុកបន្ទាយស្រី
(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់បងប្អូនជនភៀសសឹកជិត ៤០០គ្រួសារ ដែលកំពុងស្នាក់នៅវត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហេង ធូ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់ លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់កាលៈទេសៈទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងស្ថានភាពដែលប្រជាពលរដ្ឋជាច្រើនគ្រួសារបានភៀសខ្លួនពីតំបន់ជម្លោះព្រំដែន លោកក៏សូមទទូចដល់អាណាព្យាបាល ឱ្យបន្តយកចិត្តទុកដាក់លើការសិក្សារបស់កូនៗ ដោយត្រូវបញ្ជូនកូនទៅរៀន នៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរ។
លោកឧត្តមសេនីយ៍ឯ បានថ្លែងថា ស្ថិតនៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។
ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ស្រុក និងព្រះគ្រូចៅអធិការវត្ត ដែលបានសម្របសម្រួលជម្រកស្នាក់នៅ និងតម្រូវការចាំបាច់នានាជូនបងប្អូនភៀសសឹក។ ហើយក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ សូមជឿជាក់លើវីរកងទ័ពដែលកំពុងការពារបូរណភាពទឹកដី និងជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដោះស្រាយបញ្ហាប្រកបដោយយុទ្ធសាស្ត្រ ដើម្បីស្វែងរកសន្តិភាព និងសុវត្ថិភាពជូនជាតិមាតុភូមិ។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានបង្ហាញថា គិតចាប់ពីថ្ងៃទី៨ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសចេញពីបណ្ដាខេត្តជាប់តំបន់ព្រំដែន មកស្នាក់នៅក្នុងស្រុកបន្ទាយស្រី សរុបចំនួន ៣ ០០៦គ្រួសារ ស្មើនឹង ៩ ៥២៥នាក់។ ដោយឡែកសម្រាប់អ្នកស្នាក់នៅក្នុងវត្តប្រាសាទនាគគូ មានចំនួន ៣៥១គ្រួសារ ស្មើនឹង ៩៨៩នាក់។ ក្នុងចំណោមបងប្អូនភៀសសឹកទាំងអស់ អាជ្ញាធរ និងក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់ទាំងការស្នាក់នៅ សុខភាព និងការហូបចុក។
សូមជម្រាបថា អំណោយដែលបានផ្ដល់ជូននាពេលនេះក្នុងគ្រួសារនីមួយៗ រួមមាន៖ អង្ករ ទឹកសុទ្ធ មី និងថវិកា ២ម៉ឺនរៀល ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ និងទើបសម្រាលក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។ ក្នុងនោះដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃលើប្រព័ន្ធទឹក ឧត្តមសេនីយ៍ឯក ហេង ធូ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ព្រះចៅអធិកាវត្តសម្រាប់ជីកអណ្ដូងទឹកផងដែរ៕






