អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ចំពោះជនភៀសសឹក
កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ការណែនាំនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២.៧៦៣បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តសំបួរ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្តថា គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តកណ្ដាល មានបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលភៀសខ្លួនមកពីតាមព្រំដែន មកជ្រកស្នាក់ជាមួយក្រុមគ្រួសារ បងប្អូន នៅតាមក្រុង-ស្រុកទូទាំងខេត្តកណ្ដាល មានប្រមាណជិត ៣ពាន់គ្រួសារ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរួមគ្នាធ្វើការចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារសម្រាប់ផ្ដល់ជូនបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីបន្តការស្នាក់នៅក្នុងមូលដ្ឋានរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ស្បៀងអាហារទាំងអស់នេះមិនអាចដោះស្រាយជាអចិន្ត្រៃយ៍ជូនបងប្អូនបាននោះទេ។ ជាបណ្ដោះអាសន្នសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គិតគូររកការងារធ្វើជូនពួកគាត់ ត្រូវមានការបង្កបង្កើនផល ការដាំដុះប្រសិនបើមានដីធ្លី ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់ជាអចិន្ត្រៃយ៍ ព្រោះថាយើងមិនអាចប្រមើលមើលបានទេថា តើការឈ្លានពានរបស់យោធាថៃនៅពេលនេះអាចមានរយៈពេលខ្លី ឬរយៈពេលវែងបន្តទៅទៀតនោះទេ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្ថែមទៀតថា ជនភៀសឹកទាំងអស់មានទាំងចាស់ មានទាំងក្មេង ចំពោះពួកគាត់ជរា ដែលមានតម្រូវការក្នុងការពិនិត្យ និងព្យាបាលសុខភាពនានា សូមឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់យើងនៅក្នុងខេត្ត ខិតខំពិនិត្យព្យាបាលដោយគ្មានការបែងចែកឡើយ ពីព្រោះពួកគាត់កំពុងរងគ្រោះដោយសារសង្គ្រាមហើយ ដូច្នេះយើងត្រូវតែផ្ដល់ការគាំទ្រនិងលើកទឹកចិត្តសម្រាប់បងប្អូនជនភៀសសឹករបស់យើង។ ហើយចពោះក្មេងៗកំពង់ស្ថិតក្នុងវ័យសិក្សា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុក ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់ ហើយខិតខំសម្របសម្រួលចុះឈ្មោះឱ្យពួកគាត់បានចូលរៀននៅតាមសាលា តាមកម្រិតសិក្សាររបស់គាត់ ដែលមានសាលានៅជិតទីកន្លែងស្នាក់នៅរបស់ពួកគាត់បំផុត ៕






