អូស្ត្រាលីជំរុញឱ្យកម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស

រដ្ឋាភិបាលអូស្ត្រាលីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំ និងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។ នេះបើតាមសេចក្ដីថ្លែងការណ៍។
តាមសេចក្ដីថ្លែងការណ៍អូស្រ្ដាលី បានសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយសូមអំពាវនាវឱ្យភាគីទាំងពីរធានាឲ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។
«យើងជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអូស្ត្រាលី។
រដ្ឋាភិបាលអូស្ត្រាលី បន្តលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង និងសន្តិភាព។ អូស្ត្រាលី ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ៕

 

You might also like