កិច្ចប្រជុំ GBC បានធ្វើឡើងនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ – ខេត្តប៉ៃលិន, ព្រះរាជាណាចក្រកម្ពុជា

You might also like