ក្រសួងទេសចរណ៍ ថ្កោលទោសដាច់អហង្ការ សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា
ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបានឈ្លានពានមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ដោយប្រើប្រាស់យន្តហោះ F-16, F-50TH អាវុធ គ្រប់ប្រភេទ និងផ្សែងពុល ដោយកម្រោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ដែលបណ្តាលឱ្យប្រជាជនស៊ីវិល ស្លាប់ និងរងរបួស ព្រមទាំងខូចខាតផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ត្រូវបង្ខំចិត្តភៀសខ្លួន។
ក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា ភាគីថៃ ម្តងហើយម្តងទៀតបានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ” ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ថ្មីៗនេះ ដោយមានវត្តមាន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ាន ជាសាក្សីផងដែរ។ ការឈ្លានពាននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខសន្តិភាព និងស្ថិរភាពតំបន់ទន្លេមេគង្គ និងអាស៊ាន ព្រមទាំងជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពតំបន់និងសកល សណ្តាប់ធ្នាប់ ពិភពលោក សិទ្ធិមនុស្ស និងជីវភាពប្រជាពលរដ្ឋ។






