សមត្ថភាពខ្លាំងមិនធម្មតា! មកស្គាល់បញ្ញវន្តយោធាដ៏លេចធ្លោរបស់កម្ពុជា ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ជាប្រធានក្រុមលេខាធិការ កិច្ចប្រជុំ GBC តំណាងកម្ពុជា
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា បានចូលរួមកិច្ចប្រជុំ GBC ថ្ងៃទី២ ជាមួយនឹងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ ដែលបានចាប់ផ្តើមនៅវេលាម៉ោង ០៩:០៥ នាទីព្រឹក នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។
ពេលនេះយើងសុំដកឃ្លាពីកិច្ចប្រជុំ GBC បន្តិច ហើយយើងនឹងលើកយកនូវជីវប្រវត្តិ ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា នោះគឺលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន គឺជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងជួរកងយោធពលខេមរភូមិន្ទ និង ជាបញ្ញវន្តយោធាដ៏លេចធ្លោមួយរូបនៅកម្ពុជា។ យោងតាមប្រភពដែលទទួលបាន បានបញ្ជាក់ពីជីវប្រវត្តិ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ឱ្យបានដឹងថា បច្ចុប្បន្នលោកមានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ (ផ្កាយ២) ហើយលោកកាន់តួនាទីសំខាន់ៗមួយចំនួនដូចជានាយករងមន្ទីរអប់រំចិត្តសាស្ត្រ នៃក្រសួងការពារជាតិ ជាសាស្ត្រាចារ្យ និង ជាអ្នកស្រាវជ្រាវ ផ្នែកយុទ្ធសាស្ត្រយោធា និង ប្រវត្តិសាស្ត្រ។
ចំពោះប្រវត្តិសិក្សា និង ការងាររបស់លោកមានដូចជា ៖
– ២០០០-២០០៤ បរិញ្ញាបត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (ភ្នំពេញ)
– ២០០៤-២០០៦ បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ច Universite Lumiere Lyon 2 (បារាំង) និង University of Delaware (អាមេរិក)
– ២០០៦-២០០៨ បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនយោបាយ និង ទំនាក់ទំនងអន្តរជាតិ University of Delaware (អាមេរិក)
– ២០០៨-២០១៤ បណ្ឌិត វិទ្យាសាស្ត្រនយោបាយ និង សន្តិសុខអន្តរជាតិ University of Delaware (អាមេរិក)
– ២០១៣-២០១៤ បញ្ចប់វគ្គបញ្ជាការ និង សេនាធិការ នៅសាលាបញ្ជាការ និង សេនាធិការរងកងទ័ពជើងគោកអាមេរិក US Army Command and General Staff College, Fort Leavenworth, Kansas និង បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាយុទ្ធនាការតាមប្រវត្តិសាស្ត្រយោធា។
-បច្ចុប្បន្ន បង្រៀននៅ វិទ្យាស្ថានសិក្សាអន្តរជាតិ និង គោលនយោបាយសាធារណៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មុខវិជ្ជា ទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ, សន្តិសុខអន្តរជាតិ) និង វិទ្យាស្ថាន CamEd (មុខវិជ្ជា ប្រវត្តិសាស្ត្រខ្មែរ)។
ក្រៅពីនេះ ចំពោះស្នាដៃបោះពុម្ពផ្សាយរបស់លោកវិញ លោក ញ៉ែម បូរ៉ាដែន គឺជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល (ជាភាសាអង់គ្លេស និង ខ្មែរ) ដែលផ្ដោតលើប្រវត្តិសាស្ត្រយោធាកម្ពុជា និង បញ្ហាសន្តិសុខតំបន់។ ស្នាដៃមួយចំនួនដែលល្បីមានដូចជា៖ The Khmer Rouge: Ideology, Militarism, and the Revolution that Consumed a Nation (សៀវភៅអំពីរបបខ្មែរក្រហម)។ ការវិភាគលើបញ្ហាសមុទ្រចិនខាងត្បូង និង ទំនាក់ទំនងភូមិសាស្ត្រនយោបាយ។ ចំពោះ កិត្យានុភាព លោកត្រូវបានគេចាត់ទុកថាជា «ធនធានមនុស្សដ៏សំខាន់» ក្នុងការពន្យល់ និង ផ្សព្វផ្សាយអំពីគោលនយោបាយការពារជាតិរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងវេទិកាតម្កើងសន្តិសុខ និង កិច្ចពិភាក្សានានា៕






