កងទ័ពអាកាសថៃបោះសម្តីថា ការវាយប្រហារចូលជ្រៅដល់ខេត្តបាត់ដំបង គឺជាការការពារអាយុជីវិតប្រជាជនថៃ

កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ កងទ័ពអាកាសរបស់ថៃ បានទម្លាយថា ការវាយប្រហារចូលដល់ជ្រៅក្នុងខេត្តបាត់ដំបងនោះ គឺជាការវាយប្រហារឃ្លាំងអាវុធរបស់កម្ពុជា ដើម្បីការពារអាយុជីវិតរបស់ប្រជាជនថៃ។
លោក ឆាគ្រីត ថាមវិឆៃ អ្នកនាំពាក្យកងទ័ពអាកាសថៃ បានឱ្យដឹងថា ខាងជើងអាកាសនៅតែប្រតិបត្តិការទៅតាមការស្នើសុំរបស់កងទ័ពជើងគោក។ ក្នុងនោះ លោកទទួលស្គាល់ថាបានធ្វើការវាយប្រហារទៅដល់ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានអះអាងថា វាយប្រហារតែគោលដៅឃ្លាំងអាវុធប៉ុណ្ណោះ។ ការវាយប្រហារនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាជនថៃ ក្រោយពីខាងកម្ពុជា បានធ្វើការបាញ់ផ្លោងជាបន្តបន្ទាប់ ចូលទៅក្នុងតំបន់យោធា និងប្រជាជនស៊ីវិលនៅក្នុងខេត្តស្រះកែវ។
លោក ឆាគ្រីត ថាមវិឆៃ បានចោទថាខាងកម្ពុជាមិនស្មោះត្រង់ចំពោះបទឈប់បាញ់ ហើយការវាយប្រហាររបស់ថៃគឺការការពារខ្លួនឯងប៉ុណ្ណោះ ហើយមានគោលដៅចំពោះតែខាងយោធាទេ ខ្លួនតែងចៀសវាងមិនឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិលជានិច្ច៕

You might also like