វៀតណាម ប្រកាសស្វាគមន៍បទឈប់បាញ់ថ្មីមួយដែលសម្រេចបានរវាងកម្ពុជា និងថៃ និងជឿជាក់ថាប្រទេសទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀង ប្រកបដោយប្រសិទ្ធភាព និងបន្តការចរចាដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះព្រំដែន

“វៀតណាមស្វាគមន៍ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលប្រទេសកម្ពុជា និងថៃ បានយល់ព្រមលើបទឈប់បាញ់ភ្លាមៗ និងវិធានការដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនរួមគ្នារបស់ពួកគេ”។ នេះជាការលើកឡើងរបស់លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសសាធារណរដ្ឋសង្គមនិយមវៀតនាម នៅក្នុងសន្និសីទ្ធនៅទីក្រុងហាណូយនៅថ្ងៃនេះឆ្លើយតបនឹងសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះបទឈប់បាញ់ក្នុងសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសកម្ពុជា និងថៃ។

លោកស្រី Pham Thu Hang បានបន្ថែមថា បទឈប់បាញ់ដែលបានចូលជាធរមាននៅម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំ បានបង្ហាញពីការប្តេជ្ញារបស់ភាគីទាំងពីរក្នុងការបញ្ឈប់រាល់អរិភាពនៅតាមព្រំដែន។

លោកស្រីអ្នកនាំពាក្យ បានបន្ថែមផងដែរថា៖ “វៀតណាមជឿជាក់ថាប្រទេសទាំងពីរនឹងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ ហើយបន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍”។

អ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា កិច្ចពិភាក្សាគួរតែត្រូវបានដឹកនាំដោយស្មារតីមិត្តភាព និងសាមគ្គីភាពរបស់អាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរ និងក្នុងតំបន់។

បន្ថែមពីលើនេះ លោកស្រីអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា៖ “វៀតណាមនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាព រក្សាទំនាក់ទំនងជាមួយប្រទេសទាំងពីរ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ានក្នុងការដោះស្រាយជម្លោះ រួមទាំងការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន”។

You might also like