នាវា DIAMOND PRINCESS បាននាំភ្ញៀវទេសចរ ជិត ៣ពាន់នាក់ មកទស្សនាព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា។
បើតាម ក្រសួងទេសចរណ៍ ពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់នាវាទេសចរណ៍ DIAMOND PRINCESS ត្រូវបានធ្វើឡើង ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda មានបណ្ដោយប្រវែង ២៨៨.៣៣ម៉ែត្រ និងទទឹង ៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍ នៅកម្ពុជា រួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ មានប្រសាសន៍ថា ការចូលចតរបស់នាវា DIAMOND PRINCESS ស្របពេលដែលប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកំពុងរៀបចំប្រារព្ធពិធីអបអរសាទរខួប ២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប ៧ឆ្នាំនៃការបង្កើតវិមានឈ្នះ-ឈ្នះ ដែលកាលពី ២៨ឆ្នាំមុន សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយប្រតិបត្តិករទាំងអស់ ដែលបានដឹកនាំដោយសម្តេចតេជោ រួមគ្នាអនុវត្តគោលនយោបាយទទួលបានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស និងមានឱកាសអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏អង់អាចឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម ហួត ហាក់ ក៏បានគូសបញ្ជាក់ថា ការចូលចតរបស់នាវា DIAMOND PRINCESS នាពេលនេះ បង្ហាញសារ និងរូបភាពឱ្យពិភពលោក ឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ក្រោមព្រះបូជនីយកិច្ចរបស់ ព្រះមហាក្សត្រខ្មែរ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជា មានលទ្ធភាពផ្តល់ឱកាស ផ្តល់សុវត្ថិភាព ដល់វិនិយោគិន ក្នុងស្រុក និងបរទេស បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
ប្រភព៖ ក្រសួងទេសចរណ៍

You might also like