រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ អបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ លើនាវា DIAMOND PRINCESS

(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញរៀបចំពិធីអបអរសាទរខួប២៧ឆ្នាំ នៃការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ព្រមទាំងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំ នៃការបង្កើតវិមានឈ្នះ-ឈ្នះ។
ព្រឹត្តិការណ៍នេះ បានរៀបចំឡើង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លើនាវាទេសចរណ៍ខ្នាតយក្ស DIAMOND PRINCESS ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមអបអរសាទរពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បើតាមលោក ហួត ហាក់, កាលពី២៧ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបញ្ចប់ជម្លោះរ៉ាំរ៉ៃ និងនាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសកម្ពុជា។ លោកបន្តថា ក្រោមការដឹកនាំដ៏អង់អាច និងការរួមចំណែកអនុវត្តរបស់គ្រប់ភាគីពាក់ព័ន្ធ គោលនយោបាយនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ធ្វើឲ្យប្រទេសមានស្ថិរភាពនយោបាយ សន្តិសុខសង្គម និងបើកទ្វារឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងន័យនេះ លោក ហួត ហាក់ បញ្ជាក់ថា សុខសន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកែលម្អជីវភាពប្រជាពលរដ្ឋជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន កម្ពុជាបន្តដំណើរការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចក្ខុវិស័យវែងឆ្ងាយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងបន្តស្នាដៃ និងមរតកសន្តិភាព ដើម្បីធានាការរីកចម្រើនប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ៕

You might also like