រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ស្តារជីវភាពពលរដ្ឋរងគ្រោះពីជម្លោះព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តកម្មវិធីជំនួយសង្គមថ្មី ក្នុងគោលដៅសំខាន់ជួយស្ដារជីវភាពពលរដ្ឋរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ។ ជាជំហានដំបូងនេះ គឺមានការបង្កើតក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ជាមុនសិន។
យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅដ្ឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ, កំណត់ទំហំថវិកា និងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់, សម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជននានា ក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ, រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ, រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល។
ជាជំហានដំបូងនេះ រាជរដ្ឋាភិបាល បានតែងតាំង បានតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកពីក្រសួង-ស្ថាប័ន ចម្រុះ ដែលមាន ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន ដើម្បីចុះអនុវត្តលើការងារនេះ។






