ប្រជាពលរដ្ឋភៀសសឹកប្រមាណ ២ ០០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីសប្បុរសជន សម្រាលការលំបាក
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋភៀសសឹកប្រមាណ២០០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយពីសប្បុរសជនមានអ្នក ឧកញ៉ា ផែ ហុកឈួន , អ្នក ឧកញ៉ា សុខ ឆេង និងលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។
ក្នុងឱកាសនោះ សប្បុរសជន ព្រមទាំងក្រុមការងារ បានចែកជូនអំណោយដល់ជនភៀសសឹកចំនួន ៥០០គ្រួសារ ដោយផ្ទាល់ដៃ និងអំណោយសម្រាប់ ១ ៥០០គ្រួសារទៀត បានប្រគល់ជូនរដ្ឋបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនដល់ជនភៀសសឹកបន្តទៀត ដែលកំពុងត្រូវការស្បៀង។
អំណោយប្រគល់ជូនជនភៀសសឹកនាពេលនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ជនភៀសសឹក ស្របពេលពួកគាត់កំពុងមានទុក្ខលំបាកដោយសារសង្គ្រាម។
ប្រជាពលរដ្ឋជាជនភៀសសឹក បានសំដែងក្តីត្រេកអរ និងរីករាយ ក្រោយទទួលបានអំណោយ ហើយបានយល់ឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរទាំងអស់ ដែលតែងជួយយកអាសាគ្នា ក្នុងគ្រាលំបាក៕






