មនុស្ស៣០នាក់រងរបួស និងម្នាក់ស្លាប់ ក្នុងហេតុការណ៍រថភ្លើង បុកគ្នាទៅកាន់តំបន់បុរាណវិទ្យា Machu Picchu ប្រទេសប៉េរូ
រថភ្លើង២គ្រឿងដែលធ្វើដំណើរទៅកាន់តំបន់បុរាណវិទ្យា Machu Picchu របស់ប្រទេសប៉េរូបានបុកគ្នាកាលពីថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣០នាក់រងរបួស។ ប៉ូលីសជាតិប៉េរូបាននិយាយថា អ្នកស្លាប់គឺជាអ្នកបើកបររថភ្លើងមួយគ្រឿងទៀត ដែលធ្វើការឲ្យក្រុមហ៊ុន Inca Rail ហើយក្នុងចំណោមអ្នករងរបួស គឺជាអ្នកទេសចរប៉េរូ និងអ្នកទេសចរអន្តរជាតិ។ ឧត្តមសេនីយ៍ Julio Cesar Becerra ប្រធានតំបន់ Cusco នៃប៉ូលីសជាតិប៉េរូ បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំនួនអ្នករងរបួសកំពុងត្រូវបានគេធ្វើបច្ចុប្បន្នភាពជាប្រចាំដែរ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១:៣០រសៀល រវាងតំបន់បុរាណវិទ្យា Corihuayrachina និង Pampaccahua ក្នុងតំបន់ភ្នំដាច់ស្រយាលមួយ ចម្ងាយប្រហែល៥០គីឡូម៉ែត្រពីទីក្រុង Cusco ដែលជារដ្ឋធានីក្នុងតំបន់។ ក្រុមហ៊ុន Peru Rail បាននិយាយថា កម្មកររបស់ខ្លួនបានដឹកជញ្ជូនអ្នករងរបួសនៅក្នុងទូរថភ្លើងទាំងពីរគ្រឿងនោះ ដែលបានដំណើរដោយឯករាជ្យទៅកាន់ស្ថានីយ៍ Ollantaytambo និងជាទីកន្លែងដែលពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ និងទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្រដែរ។ មកដល់ពេលនេះប៉ូលីសនៅតែកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដពីគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏អាក្រក់នេះក្នុងប្រទេសប៉េរ៉ូ៕






