លោក Zelenskyy ពិភាក្សាជាមួយលោក Trump អំពីវត្តមានកងទ័ពអាមេរិក នៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ (៣០ ធ្នូ) ថា ទីក្រុងគីវ កំពុងតែពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីលទ្ធភាពនៃវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅអ៊ុយក្រែន ជាផ្នែកមួយនៃការធានាសន្តិសុខ ហើយក៏បានលើកឡើងនូវអ្វីដែលលោកហៅថាជា “ការវាយប្រហារក្លែងក្លាយ” ទៅលើនិវេសនដ្ឋានរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម WhatsApp លោក Zelenskyy បានលើកឡើងថា អ៊ុយក្រែនបានប្តេជ្ញាចិត្តបន្តការចរចាលើមធ្យោបាយបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយប្រតិបត្តិការយោធាទ្រង់ទ្រាយធំឆ្នាំ២០២២ របស់រុស្ស៊ី ហើយរូបលោកក៏បានត្រៀមខ្លួនរួចជាស្រេចដែរដើម្បីជួបជាមួយលោក Putin ទោះក្នុងទម្រង់ណាក៏ដោយ។
លោក Zelenskyy បន្តថា វត្តមានកងទ័ពអាមេរិកនៅអ៊ុយក្រែន នឹងក្លាយជាការជំរុញសន្តិសុខដ៏សំខាន់មួយសម្រាប់ទីក្រុងគីវ ដោយបន្ថែមថា «អ៊ុយក្រែនកំពុងពិភាក្សារឿងនេះជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងជាមួយតំណាងនៃក្រុមចម្រុះលោកខាងលិចដែលគាំទ្រទីក្រុងគីវ»។
លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា រូបលោក និងលោក Zelenskyy «ប្រហែលជាខិតជិតដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមហើយ» ទោះបីជាបញ្ហាទឹកដី «ដ៏ស្មុគស្មាញ» នៅតែមានក៏ដោយ។ ប្រធានាធិបតីអាមេរិករូបនេះ ហាក់មានការប្រុងប្រយ័ត្នជាងលោក Zelenskyy លើការធានាសន្តិសុខ ប៉ុន្តែបាននិយាយថា ភាគីទាំងពីរសម្រេចបាន ៩៥% ទៅហើយនៃផ្លូវឆ្ពោះទៅដល់កិច្ចព្រមព្រៀងបែបនេះ ហើយថា លោករំពឹងថាបណ្ដាប្រទេសអឺរ៉ុបនឹង «ទទួលយកចំណែកដ៏ធំ» នៃកិច្ចប្រឹងប្រែងនោះ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
ទាក់ទងនឹងការវាយប្រហារដែលត្រូវចោទប្រកាន់ ទៅលើនិវេសនដ្ឋានមេដឹកនាំរុស្ស៊ី លោក Zelenskyy បាននិយាយថា៖ រឿងរ៉ាវដែលត្រូវបានចោទប្រកាន់ថា “វាយប្រហារនិវេសនដ្ឋានអ្វីនោះ” គឺជារឿងប្រឌិតទាំងស្រុង ដែលមានបំណងបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារបន្ថែមប្រឆាំងនឹងអ៊ុយក្រែន រួមទាំងទីក្រុងគីវផងដែរ ក៏ដូចជាការបដិសេធរបស់រុស្ស៊ីផ្ទាល់ ក្នុងការចាត់វិធានការចាំបាច់ដើម្បីបញ្ចប់សង្គ្រាម ហើយនោះជាការកុហកដ៏ធម្មតាបំផុតរបស់រុស្ស៊ី៕






