រោងចក្រមួយនៅថៃ ប្រមូលទិញទឹកដោះគោផុតកំណត់ យកមកបន្លំដាក់ថ្ងៃខែថ្មី ហើយបញ្ចេញលក់តាមអនឡាញ (រកស៊ីបែបនេះជាង ២ ឆ្នាំមកហើយ )
តាមព័ត៌មានបានឱ្យដឹងថា ការបង្រ្កាបបានធ្វើឡើងនៅផ្ទះមួយកន្លែង ដែលកែច្នៃធ្វើជារោងចក្រផលិតស្ថិតនៅហួរហ៊ីន ខេត្តប្រាចួបស៊ីរីខាន់។ ប៉ូលិសបានរកឃើញថា ម្ចាស់រោងចក្រនេះ បានធ្វើអាជីវកម្មប្រមូលទិញទឹកដោះរបស់ម៉ាក UHT ដែលផុតកំណត់ ឬជិតផុតកំណត់ពីឃ្លាំងមួយក្នុងតម្លៃមួយប្រអប់ ១ បាត បន្ទាប់យកមកលុបថ្ងៃខែចាស់ចេញ រួចដាក់ខែថ្ងៃថ្មី ទើបបញ្ជូនទៅលក់តាមអនឡាញក្នុងមួយប្រអប់ ១០ បាត ដោយរកស៊ីបែបនេះជាង ២ ឆ្នាំមកហើយ។
លើសពីនេះទៅទៀត រោងចក្រមួយនេះ ក៏បានផលិត និងវេចខ្ចប់ផលិតផលខុសស្តង់ដារផ្សេងទៀតផងដែរ ដែលមានកាហ្វេ ប៊ីចេង គ្រីមទឹកដោះគោ កាកាវ និងទឹកស៊ីរ៉ូជាដើម។ ប៉ូលិសបានធ្វើការរឹបអូសផលិតផល និងឧបករណ៍ផលិតជាង ១៣០០០ មុខ ដែលមានតម្លៃប្រហែល ១.៥ លានបាត។ ដោយឡែក ជាមួយនឹងភស្តុងតាងទាំងនេះ ប៉ូលិសក៏បានត្រៀមដំណើរការក្តីទៅលើម្ចាស់រោងចក្រផលិតទៅតាមផ្លូវច្បាប់ផងដែរ៕






