អភិបាលស្រុកស្ទោង អំពាវនាវជនភៀសសឹក និងពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តគាំទ្រផលិតក្នុងស្រុក និងពហិកាផលិតផលរបស់ថៃ

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវជនភៀសសឹក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវបន្តគាំទ្រផលិតផលក្នុងស្រុក និងពហិកាប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ។
លោក សាយ គឹមឡម បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលអាជ្ញាធរស្រុកស្ទោង បន្តជួបសំណេះសំណាលសួរសុខទុក្ខ ជនភៀសសឹក កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិនិយមឱ្យបាបខ្ពស់បំផុត ហើយត្រូវធ្វើពហិកាគ្រប់បែបយ៉ាងចំពោះផលិតផលរបស់ថៃ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកដែលជាស្នាដៃរបស់កូនខ្មែរ និងកាត់បន្ថយឥទ្ធិពលទំនិញនានារបស់ប្រទេសថៃ ក៏ដូចជាឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ដែលតែងតែបង្កអរិភាពឥតឈប់ឈរមកលើព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសបានឈ្លានពានទឹកដីកម្ពុជាយើង ម្ដងហើយម្ដងទៀត ជាពិសេសតាមខ្សែបន្ទាត់ព្រំដែន។
ឆ្លៀតក្នុងឱកាសនោះ លោកបានសម្ដែងនូវការសាទរក្រៃលែងបំផុតនូវវត្តមានរបស់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាននៃយើងដែលត្រូវយោធាថៃ ចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេលប្រមាណជាង៥ខែ ហើយបានវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោក សាយ គឹមឡម បានអំពាវនាវដល់ជនភៀសសឹកឱ្យដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូ CRCK2 និងចម្ការកៅស៊ូបៀនហៀកស្រុកស្ទោង ព្រោះក្រុមហ៊ុនកំពុងត្រូវការកម្លាំងពលកម្មជាច្រើនកន្លែង អាចបានប្រាក់កម្រៃសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចបណ្ដោះអាសន្នក្នុងកាលៈទេសៈដែលសង្គ្រាមឈ្លានពានរបស់ចោរសៀមស្ថិតនៅក្នុងស្ថានភាពពុំទាន់ច្បាស់លាស់ ឬត្រូវបញ្ចប់ និងមានសុខសន្តិភាពដូចដើមវិញនៅពេលណានោះទេ។
លើសពីនេះទៀត លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូ CRCK2 និងក្រុមហ៊ុនចម្ការកៅស៊ូបៀនហៀកស្រុកស្ទោងដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុកសព្វបែបយ៉ាង និងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកិច្ចការទូទៅកន្លងមកក៏ដូចជាក្នុងពេលនេះ។
សូមបញ្ជាក់ថា ជនភៀសសឹកដែលទទួលអំណោយនៅក្នុងឱកាសនេះមានចំនួន៣៦០គ្រួសារ ដែលក្នុង១គ្រួសារៗទទួលបាននូវអង្ករ ១បេ និងត្រីខ ១យួរ៕

You might also like