ប្រជាជនជាង ១,០០០ គ្រួសារ ស្ថិតក្នុងតំបន់បឹងត្រកួន នឹងទទួលបានការដោះស្រាយដ៏មានស្ថិរភាព ចំពោះដីធ្លី និងផ្ទះសម្បែង

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ នេះ បានប្រាប់អ្នកយកព័ត៌មានថា ប្រជាជនជាង ១,០០០ គ្រួសារ ស្ថិតក្នុងតំបន់បឹងត្រកួន នឹងទទួលបានការដោះស្រាយដ៏មានស្ថិរភាព ចំពោះបញ្ហាដីធ្លី និងផ្ទះសម្បែង នាពេលខាងមុខ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកចុះពិនិត្យទីតាំងជនភៀសសឹកមួយកន្លែង ក្នុងភូមិសាស្ត្រក្បែរតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។
លោកអភិបាលខេត្ត បានលើកឡើងពីស្ថានភាពជារួមនៅតាមមណ្ឌលភៀសសឹក ក៏ដូចជាការងារសម្របសម្រួលបន្ថែមមួយចំនួន ជូនដល់បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារផ្ទះសម្បែងរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមនៅឡើយ។
យ៉ាងណាមិញ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា លោកកំពុងដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយទីតាំងដីបណ្ដោះអាសន្នសម្រាប់ការស្នាក់នៅរបស់បងប្អូនជនភៀសសឹកឱ្យមានលំនឹង ដ្បិតថាយន្តការតុលាការអន្តរជាតិអាចនឹងប្រើប្រាស់ពេលវេលាយូរក្នុងការដោះស្រាយ៕

You might also like