ឯកឧត្ដម នៅ លក្ខណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ចំណុះលេខាធិការដ្ឋាន គ.ប.ផ.ក. សរុប៣៨រូប នៅបន្ទប់៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមប្រធានគ.ប.ផ.ក. បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់លេខាធិការដ្ឋាន គ.ប.ផ.ក. រយៈពេលពេញមួយឆ្នាំ ដែលបានខិតខំពុះពារបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមផែនការនិងទិសដៅការងាររបស់គ.ប.ផ.ក. បានយ៉ាងល្អប្រសើរ បើទោះបីចំណុចមួយចំនួននៅមិនទាន់សម្រេចបាន១០០ភាគរយក៏ដោយ។
ទន្ទឹមនឹងនេះ ឯកឧត្ដម នៅ លក្ខណា ប្រធានគ.ប.ផ.ក. បានផ្ដល់នូវការណែនាំសំខាន់ៗ និងផ្ដល់នូវភារកិច្ចថ្មីសម្រាប់អនុវត្តឆ្នាំ២០២៦ ដើម្បីឱ្យលេខាធិការដ្ឋាន គ.ប.ផ.ក. រួមគ្នាអនុវត្តសម្រេចឱ្យបានតាមផែនការ និងបេសកកម្មរបស់គ.ប.ផ.ក. ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន សហការរួមគ្នាជាមួយក្រសួងនានា ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយរិះរកគ្រប់វិធី និងតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ឬវិធានការណ៍ផ្សេងៗ ក្នុងគោលបំណងទប់ស្កាត់ បង្កា ការពារ មិនឱ្យមានការការផលិត ការនាំចូល ការចរាចរ ការចែកចាយនូវផលិតផលក្លែងក្លាយ ឬផលិតផលខុសច្បាប់ ដែលកំពុងសម្ងំបំផ្លាញសុខភាពសាធារណៈ បំផ្លាញសេដ្ឋកិច្ចសង្គមជាតិ និងកំពុងបង្កផលប៉ះពាល់ដល់អ្នកវិនិយោគ-អាជីវករស្របច្បាប់ជាដើម។
ឯកឧត្ដម នៅ លក្ខណា បានគូសបញ្ជាក់ពីបេសកកម្មរបស់គ.ប.ផ.ក. បានអនុវត្តការងារស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃបំផុត និងស្របតាមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ជាប់ជាប្រចាំ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កើនបានការការពារអ្នកវិនិយោគស្របច្បាប់ ជាពិសេសបង្កើនបាននូវទំនុកចិត្តបន្ថែមទៀតពីអ្នកវិនិយោគថ្មីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕






