ព្រឹទ្ធសភាអាមេរិក បោះឆ្នោតទប់ស្កាត់សកម្មភាពយោធាបន្ថែមទៀត នៅវ៉េណេស៊ុយអេឡា

ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៨ មករា) បានបោះឆ្នោតគាំទ្រដើម្បីពន្លឿនសេចក្តីសម្រេចមួយ ដែលនឹងហាមឃាត់លោកប្រធានាធិបតី Donald Trump មិនឱ្យចាត់វិធានការយោធាបន្ថែមទៀត ប្រឆាំងនឹងវ៉េណេស៊ុយអេឡា ដោយគ្មានការអនុញ្ញាតពីសភា បើទោះបីជាលោក Trump បាននិយាយថា ការមើលខុសត្រូវរបស់សហរដ្ឋអាមេរិក លើប្រទេសអាមេរិកខាងត្បូងមួយនេះ អាចមានរយៈពេលច្រើនឆ្នាំក៏ដោយ។
ព្រឹទ្ធសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥២ទល់នឹង៤៧ លើវិធានការនីតិវិធីមួយ ដើម្បីពន្លឿនសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ខណៈសមាជិកមកពីបក្សសាធារណរដ្ឋមួយចំនួនតូចរបស់លោក Trump ក៏បានបោះឆ្នោតគាំទ្រលើវិធានការនេះដែរ ចំណែកសមាជិកមកពីបក្សប្រជាធិបតេយ្យគ្រប់រូបទាំងអស់ បានគាំទ្រឱ្យសេចក្ដីស្នើច្បាប់បន្តទៅមុខ ឆ្ពោះរកការបោះឆ្នោតចុងក្រោយ។
វិធានការរបស់ព្រឹទ្ធសភា ប្រឈមនឹងជំហានដ៏លំបាកដើម្បីក្លាយជាច្បាប់ពេញលេញ ព្រោះសេចក្ដីសម្រេចនោះនឹងត្រូវការការអនុម័តដោយសភាតំណាងរាស្ត្រ ដែលក៏ត្រូវបានគ្រប់គ្រងដោយសមាជិកបក្សសាធារណរដ្ឋរបស់លោក Trump ផងដែរ។ ទោះសភាទាំងពីរអនុម័តសេចក្តីសម្រេចនេះក៏ដោយ ក៏សភានីមួយៗនឹងត្រូវតែធានានូវសំឡេងភាគច្រើន ២ភាគ៣ ដើម្បីបដិសេធសិទ្ធិវេតូរបស់លោក Trump។ យ៉ាងណាក៏ដោយ ការពិតដែរថាវិធានការនេះអាចឆ្លងព្រឹទ្ធសភាបាន គឺជាសញ្ញាដ៏កម្រមួយនៃការជំទាស់របស់បក្សសាធារណរដ្ឋក្នុងសភា ប្រឆាំងនឹងសេតវិមានរបស់លោក Trump។
បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា កន្លងទៅ លោក Trump បានព្រមានពីលទ្ធភាពនៃសកម្មភាពយោធាលើកទីពីរលើប្រទេសសម្បូរប្រេងមួយនេះ ហើយកាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រាប់កាសែត New York Times ក្នុងបទសម្ភាសន៍មួយថា អាមេរិកអាចនឹងមើលការខុសត្រូវ និងគ្រប់គ្រងចំណូលប្រេងរបស់វ៉េណេស៊ុយអេឡា សម្រាប់ពេលជាច្រើនឆ្នាំទៀតផង៕

You might also like