លោកស្រី សុភា បុត្រឈើ ៖ ធ្លាប់ឆ្លងកាត់នូវជីវិតតស៊ូលំបាក ដោយត្រូវរកលុយចិញ្ចឹមកូនដល់ទៅពីរនាក់ ទម្រាំមានជីវភាពល្អប្រសើរ

លោកស្រី សុភា បុត្រឈើ (Sophea Böttcher) ជាស្ត្រីខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ធំ បច្ចុប្បន្នមានស្វាមីជាមហាសេដ្ឋីនៅអាល្លឺម៉ង់។ មុនក្លាយជាភរិយាមហាសេដ្ឋី ពិតមែនទៅ លោកស្រីធ្លាប់ឆ្លងកាត់នូវជីវិតតស៊ូលំបាក ដោយត្រូវរកលុយចិញ្ចឹមកូនដល់ទៅពីរនាក់ ទម្រាំមានជីវភាពល្អប្រសើរវិញ។
នៅក្នុងបទសម្ភាសជាមួយ ឌីជេ ណាណា លោកស្រី សុភា បុត្រឈើ បានរៀបរាប់ពីជីវិតតស៊ូ ដោយចាប់ផ្តើមពីបាតដៃទទេ មុនពេលបានជួបស្វាមីជាសេដ្ឋីអាល្លឺម៉ង។ ជាក់ស្តែង ក្រោយចែកផ្លូវពីស្វាមីទី ១ លោកស្រីមានកូនចំនួនពីរនាក់។ លោកស្រីត្រូវចាប់ផ្តើមពីចំណុចសូន្យ គ្មានលុយ គ្មានដើមទុន មានតែការស្រូបយកចំណេះ តាមរយៈការរៀនជំនាញដោយខ្លួនឯងនៅលើបណ្តាញសង្គម YouTube។ ថ្វីត្បិត បញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ តែលោកស្រីមិនចង់ធ្វើការពេញម៉ោងឡើយ ដោយហេតុត្រូវចំណាយពេលមើលថែកូន ហើយបើធ្វើការទាក់ទងនឹងជំនាញធ្លាប់រៀន ប្រាក់ខែក៏ទាបផ្គត់ផ្គង់មិនគ្រប់គ្រាន់។ លោកស្រីបានចាប់ផ្តើមបើក YouTube រួចក៏ចាប់អារម្មណ៍ខ្លាំងទៅលើជំនាញម៉ាស្សា។ មិនយូរប៉ុន្មាន ដោយហាក់មានដុងខាងម៉ាស្សាផងនោះ លោកស្រីបានរៀនដោយខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ រហូតអាចបើកកន្លែងម៉ាស្សាបាន។
គ្រាបើកដំបូង លោកស្រីមិនមានលុយជួលទីតាំងនោះទេ ពោល ត្រឹមសុំបន្ទប់គេ ហើយបង់លុយឱ្យគេជាភាគរយប៉ុណ្ណោះ។ ដោយមានភ្ញៀវចេះតែកើនឡើង ម្យ៉ាងចង់រីកចម្រើនមុខរបរបន្ថែមទៀត លោកស្រីបានរៀនជំនាញផ្សេងៗ រហូតចេះច្រើនផ្នែកខាងថែរក្សាសម្រស់ ហើយអាចបង្កើនចំណូលកាន់តែប្រសើរ។
តាមរយៈបទពិសោធជីវិត លោកស្រីបាននិយាយដែរថា យើងត្រូវគិតថា អ្វីដែលយើងឆ្លងកាត់ វាគឺជាបទពិសោធ យើងកុំគិតថា វាជាព្រហ្មលិខិត ដែលកំណត់យើងមកដូច្នេះ។ យើងបានឆ្លងកាត់រឿងលំបាកហើយ រឿងល្អនឹងកើតឡើង ដូចនេះ ត្រូវអរគុណរឿងលំបាកៗទាំងនោះ៕

You might also like