CMAC អំពាវនាវដល់ប្រជាពលរដ្ឋជាជនភៀសសឹក ដែលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់សំណល់សង្គ្រាមពិសេសគ្រាប់បែកចង្កោម
ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់សំណល់សង្គ្រាមរបស់កងទ័ពថៃ ពិសេសគ្រាប់បែកចង្កោម។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងអង្គភាពស៉ីម៉ាក់ បានចុះបោសសម្អាតគ្រាប់សំណល់សង្គ្រាម រកឃើញគ្រាប់បែកចង្កោមយ៉ាងច្រើន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហេង រតនា បានឱ្យដឹងថា «សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់ភូមិឋានផ្ទះសំបែង វិញ សុំមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម ឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម »។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាន នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួម ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕






