ការបោះឆ្នោតថ្នាក់ឃុំសង្កាត់នៅថៃ ផ្ទុះការបាញ់បោះ ព្រោះតែសន្លឹកឆ្នោត ដណ្ដើមអំណាចគ្នា

កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ នៅឯប្រទេសថៃមានករណីបាញ់បោះមួយកន្លែង កើតឡើងនៅក្នុងកន្លែងរាប់សន្លឹកឆ្នោតថ្នាក់ឃុំសង្កាត់ ដែលបង្កឱ្យមានមនុស្សរងរបួសចំនួន ២ នាក់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ នៅកន្លែងបោះឆ្នោតមួយក្នុងឃុំឡាត់បួរខាវ ស្រុកបានប៉ូង ខេត្តរ៉ាតឆាបុរី នាវេលាម៉ោងប្រមាណ ៦ ល្ងាចអំឡុងពេលរាប់សន្លឹកឆ្នោត។ ក្នុងនោះ ជនរងគ្រោះទីមួយជាបុរសវ័យ ៤៤ ឆ្នាំ បានរងគ្រាប់កាំភ្លើងចំនួន ៥ គ្រាប់ រីឯជនរងគ្រោះទី ២ ជាស្រ្តីវ័យ ៦៣ បានត្រូវមួយគ្រាប់ចំត្រគាក ចំណែកឯបុរសជនដៃដល់មានអាយុ ៦១ ឆ្នាំ ត្រូវបានគេចាប់បាននៅកន្លែងកើតហេតុ រួមជាមួយនឹងកាំភ្លើងខ្លីមួយដើម។
ជនដៃដល់បានសារភាពថា ខ្លួនបានទៅមើលលទ្ធផលបោះឆ្នោត ហើយបានពាក់ផ្កាឱ្យបេក្ខជនដែលឈ្នះ តែស្រាប់តែត្រឡប់មកផ្ទះវិញ ក៏មានមនុស្សប្រហែល ១០ នាក់ មកចោមរោមវាយខ្លួននៅតាមផ្លូវ ទើបដកកាំភ្លើងបាញ់ដើម្បីការពារខ្លួន។ បុរសនេះបានអះអាងថា ខ្លួនមិនដែលមានជម្លោះជាមួយជនរងគ្រោះពីមុនទេ ដោយឡែកកាំភ្លើងខ្លីនោះ គឺតែងតែដាក់តាមខ្លួនជាប្រចាំ៕

You might also like