ស្នងការអឺរ៉ុប៖ ការដណ្តើមយកកោះហ្រ្គីនលែន របស់យោធាអាមេរិក នឹងក្លាយជាទីបញ្ចប់នៃអង្គការណាតូ

ស្នងការអឺរ៉ុបទទួលបន្ទុកការពារជាតិ និងអវកាស បាននិយាយកាលពីថ្ងៃចន្ទ (១២ មករា) ថា សហភាពអឺរ៉ុប អាចជួយផ្តល់សន្តិសុខដល់កោះហ្គ្រីនលែន (Greenland) ប្រសិនបើដាណឺម៉ាកស្នើសុំ ដោយព្រមានថា ការដណ្តើមយកកោះហ្គ្រីនលែន ពីយោធាអាមេរិក នឹងក្លាយជាទីបញ្ចប់នៃសម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន។

លោក Trump បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែក្លាយជាម្ចាស់ដែនដីហ្រ្គីនលែន ដែលជាផ្នែកស្វយ័តមួយរបស់ព្រះរាជាណាចក្រដាណឺម៉ាក ដើម្បីរារាំងរុស្ស៊ី ឬចិន មិនឱ្យកាន់កាប់ទឹកដីតំបន់អាកទិកដែលមានទីតាំងយុទ្ធសាស្ត្រ និងសម្បូរដោយរ៉ែមួយនេះ។ លោកសង្កត់ធ្ងន់ថា វត្តមានយោធាអាមេរិកដែលមានស្រាប់នៅទីនោះ គឺមិនគ្រប់គ្រាន់នោះទេ។

ដាណឺម៉ាក និងសហរដ្ឋអាមេរិក ដែលជាសមាជិកណាតូទាំងពីរ បានគ្រោងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីពិភាក្សាពីកោះស្វយ័តមួយនេះ។ ដែនដីហ្គ្រីនលែន និងប្រទេសដាណឺម៉ាក បាននិយាយជាប់ជានិច្ចថា កោះនេះមិនមែនសម្រាប់លក់ទេ ខណៈលោក Trump ក៏មិនបានច្រានចោលលទ្ធភាពនៃការដណ្តើមយកដោយប្រើកម្លាំងនោះដែរ។

ក្នុងសន្និសីទសន្តិសុខមួយនៅស៊ុយអែត ស្នងការអឺរ៉ុប លោក Andrius Kubilius បានប្រាប់សារព័ត៌មានរ៉យទ័រថា «លោកយល់ស្របជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក ដែលថា ការក្រសោបយកកោះនោះនឹងក្លាយជាទីបញ្ចប់របស់ណាតូ»។ លោកក៏បានសង្កត់ធ្ងន់ពីផលប៉ះពាល់ដ៏អវិជ្ជមានយ៉ាងខ្លាំង ទាំងក្នុងចំណោមប្រជាជន និងលើទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកទាំងមូល៕

You might also like