អប់រំអស់ជាច្រើនខែ តែម្ចាស់យាន្ត និងបណ្តាក្រុមហ៊ុនមួយចំនួន នៅតែបណ្តោយឲ្យរថយន្តដឹកជញ្ជូនធុនធំ ធ្វើលំហូរចរាចរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ទោះបីជាមានការអប់រំអស់ជាច្រើនខែ តែម្ចាស់យាន្ត និងបណ្តាក្រុមហ៊ុនមួយចំនួន នៅតែបណ្តោយឲ្យរថយន្តដឹកជញ្ជូនធុនធំរបស់ខ្លួន ធ្វើលំហូរចរាចរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោងអនុញ្ញាតយ៉ាងច្រើនដដែល ។
ដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានបន្តចុះអនុវត្តន៍ការរឹតបន្តឹងច្បាប់ តាមរយៈការចាប់ឃាត់រាល់រថយន្តធុនធំទាំងឡាយ ដែលនៅតែបន្តល្មើសបើកបរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោងពេលអនុញ្ញាត ពោលមុនម៉ោង២១យប់ យកមកធ្វើកិច្ចសន្យាអប់រំណែនាំ ។
កម្លាំងសមត្ថកិច្ចបានចាប់ឃាត់រថយន្តធុនធំជាច្រើនគ្រឿង នៅតាមបណ្តាគោលដៅទាំងអស់របស់សមត្ថកិច្ចក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ សមត្ថកិច្ចក៏បានបន្តចាប់ឃាត់រថយន្តធុនធំដែលធ្លាប់បានល្មើសការចរាចរចូលខុសម៉ោង និងធ្លាប់បានធ្វើកិច្ចសន្យាម្តងរួចមកហើយដែរ ពោលគឺម្ចាស់យាន្តមិនស្តាប់ និងគោរពតាមការណែនាំរបស់សមត្ថកិច្ច ។
ការអនុវត្តន៍របស់កម្លាំងសមត្ថកិច្ចនេះ គឺមានគោលដៅខ្ពស់សំដៅធានាសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ និងកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាចម្បងក្នុងការបំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់អាយុជីវិតពលរដ្ឋ ៕

You might also like