កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច ដើម្បីលើកកម្ពស់ដល់ការវិនិយោគនៅកម្ពុជា
កម្ពុជា-ជប៉ុន ប្រកាសដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុង ប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែលកំពុងពិចារណាវិនិយោគ ទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយ តែមួយកន្លែង ដើម្បីលើកកម្ពស់ដល់ការវិនិយោគនៅកម្ពុជា។
ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យដំណើការក្រុមសហបង្កើត ធុរកិច្ច (BCT) នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះថា ការបង្កើត BCT គឺជាលទ្ធផលដ៏សំខាន់បំផុត ខណៈដែលសម្តេចមហា បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់ប្រទេសជប៉ុន ក្នុងនាមជានាយករដ្ឋមន្ត្រី នៅក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនោះ កិច្ចប្រជុំកំពូលត្រូវបានធ្វើឡើងជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន (នាពេលនោះ)។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងលើការដាក់ចេញកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូល។ កញ្ចប់នេះមានគោលបំណងសម្របសម្រួលកិច្ច សហប្រតិបត្តិការលើការធ្វើពិពិធកម្មដៃគូរធុរកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធនានាដែលអាចទាក់ទាញ និងគាំទ្រការវិនិយោគបន្ថែម ពីប្រទេសជប៉ុន។
ឯកឧត្តមឯកអគ្គរាជទូត បន្ថែមថា ការបង្កើត BCT នេះ នឹងជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនដែលកំពុងពិចារណាលើការវិនិយោគ អាចទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះ ស្រាយតែមួយកន្លែង។ យន្តការនេះត្រូវបានបង្កើតឡើង ឆ្លើយតបនឹងសំណើរបស់សមាគមធុរកិច្ចជប៉ុនកម្ពុជា (JBAC) ដែលជាសមាគមនៃក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ក្រុម BCT នឹងកាន់តួនាទីរបស់ការិយាល័យទំនាក់ទំនងជប៉ុន (Japan Desk) ដែលមានស្រាប់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរបៀបដែលត្រូវបានអភិវឌ្ឍជាមូលដ្ឋាន។ ក្រុម BCT ត្រូវបានបង្កើតឡើង ជាក្រុមអន្តរក្រសួង ហើយនឹងផ្ដល់ព័ត៌មានដ៏ទូលំទូលាយ និងដំណោះស្រាយតែមួយដល់វិនិយោគិនជប៉ុន ដែលកំពុងពិចារណា វិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបន្ត ខិតខំជំរុញការកែលម្អធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។ ចំណែកទាក់ទងនិងការវិនិយោគ, ជប៉ុនគឺជាដៃគូដ៏សំខាន់នៃការវិនិយោគនៅកម្ពុជា ហើយជប៉ុនក៏បានគាំទ្រដល់ទីផ្សារ នាំចេញរបស់កម្ពុជាផងដែរ៕






