កម្ពុជា ប្រកាសមិនចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ឆ្នាំ២០២៦ នៅប្រទេសថៃ
កីឡាជនពិការកម្ពុជាបានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅខេត្តនគររាជសីមា ប្រទេសថៃ ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦។
នៅក្នុងលិខិតផ្លូវការរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ផ្ញើជូនលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាប៉ារ៉ាហ្គេមអាស៊ាន (APSF) កាលពីសប្តាហ៍មុននេះបានឱ្យដឹងថា «ក្នុងនាមគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) សូមជម្រាបជូនថា ដោយសារកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់អត្តពលិកនឹងមិនអាចចូលរួម ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម លើកទី១៣ ខាងមុខនេះបានទេ។ NPCC សូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ APSF, NPC នៃប្រទេសថៃ និងគណៈកម្មាធិការរៀបចំកីឡាថៃ (THASOC) ក្នុងការរៀបចំ និងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី១៣។ NPCC សូមថ្លែងអំណរគុណដល់ប្រទេសអាស៊ានទាំង១០ ដែលតែងតែគាំទ្រ NPCC និងសូមជូនពរឱ្យ NPC ទាំងអស់មកពីតំបន់នេះ ទទួលបានពេលវេលាដ៏អស្ចារ្យក្នុងការចូលរួមក្នុងការប្រកួត»។
ការបង្ហាញក្តីបារម្ភរបស់កម្ពុជា ដោយប្រកាសមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការដ៏ធំប្រចាំតំបន់អាស៊ាន ដែលប្រារព្ធធ្វើឡើងជារៀងរាល់២ឆ្នាំម្តងនេះ គឺដោយសារសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនទាន់ល្អប្រសើរ បើទោះមានបទឈប់បាញ់ក្តី។
ជាមួយគ្នានេះ សហព័ន្ធកីឡាប៉ារ៉ាហ្គេមអាស៊ាន (APSF) ក្នុងនាមជាម្ចាស់ និងជាស្ថាប័នគ្រប់គ្រងការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានក៏បានចេញសេចក្តីថ្លែងការរបស់ខ្លួនដែរថា ខ្លួនបានទទួលលិខិតផ្លូវការមួយពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដោយជូនដំណឹងជាផ្លូវការដល់ APSF ថា កម្ពុជានឹងមិនចូលរួមក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានលើកទី១៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ ទេ។
APSF ទទួលស្គាល់ខ្លឹមសារនៃលិខិតនេះ និងកត់សម្គាល់ពីជំហរផ្លូវការដែលបានបង្ហាញដោយ NPC កម្ពុជា។ APSF សម្តែងការសោកស្តាយចំពោះអវត្តមានរបស់កម្ពុជាពីការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១៣ ហើយ APSF បានគោរពយ៉ាងពេញលេញចំពោះការសម្រេចចិត្តរបស់ NPC កម្ពុជា ប៉ុន្តែ APSF នៅតែគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដកខ្លួនរបស់ NPCC។ កម្ពុជាជាសមាជិកដ៏មានតម្លៃនៃសហគមន៍កីឡាប៉ារ៉ាហ្គេមអាស៊ាន និងការចូលរួមរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងតួនាទីរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងលើកកម្ពស់កីឡាជនពិការនៅក្នុងតំបន់ផងដែរ៕






