ក្រុមការងារអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង ចុះអនុវត្តការងារថែទាំ និងស្តារកករដីល្បាប់នៅមុខស្ថានីយបូមទឹកព្រែកពោធិ៍ ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
នៅថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះអនុវត្តកិច្ចការថែទាំ និងស្តារកន្លែងកកស្ទះក្បាលបូមទឹកនៃស្ថានីយបូមទឹកព្រែកពោធិ៍ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមជម្រាបថា ក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែង និងដាក់អេស្កាវ៉ាទ័រ និងម៉ាស៊ីនបូមដី និងបូមទឹក ដើម្បីស្តារដីដែលកកស្ទះមុខក្បាលបូមនៃស្ថានីយបូមទឹកព្រែកពោធិ៍ ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកពោធិ៍ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ផ្តល់អត្ថប្រយោជន៍ដ៏ច្រើនជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងការបូមទឹកចែកចាយនៅរដូវប្រាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំ ជាពិសេសការបង្កើនរដូវដាំដុះបានចាប់ពីរដងទៅបីដងក្នុងមួយឆ្នាំ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ និងតំបន់ក្បែរខាង៕






