សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស ចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ

ពោធិ៍សាត់៖ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ ក្រោមអធិបតីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ តំណាងសហគមន៍គីរីទេស និងសហគមន៍កសិកម្មទំនើប និងអ្នកពាក់ព័ន្ធប្រមាណ ៨០រូប។
សូមជម្រាបថា ការចុះកិច្ចសន្យានាថ្ងៃនេះ ក្នុងការផលិតនិងផ្គត់ផ្គងម្ទេសសុវត្ថិភាព ចំនួន ២,៤០០តោន បន្លែសុវត្ថិភាពចំនួន ៦០តោន/១ខែ និងមាន់សាច់ចំនួន ២១០តោន។
កិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លានដុល្លារ ត្រូវបានចុះកិច្ចព្រមព្រៀង រវាងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ ជាមួយនឹងកសិដ្ឋានគីរីទេស សម្រាប់ការផលិតនិងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់។
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងមានសមាជិក១៦៥គ្រួសារ កំពុងធ្វើផលិតកម្មម្ទេសលើផ្ទៃដី១២០ហិកតា បន្លែស្លឹកក្នុងផ្ទះសំណាញ់១០០ខ្នង និងមាន់ស្រែចំនួន១៤០ទ្រុង។ ការតភ្ជាប់ទីផ្សារទុកជាមុនគឺជាចំណុចពិសេសនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់នូវភាពច្បាស់លាស់នៃការធ្វើផលិតកម្មរបស់សមាជិក ក៏ដូចជាជួយកាត់បន្ថយហានិភ័យទីផ្សារបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

You might also like