អភិបាលខេត្តឧត្ដរមានជ័យ ៖ មន្ត្រីស៊ីម៉ាក់គឺជាវីរជន ដែលស្វែងរកកន្លែងសុវត្ថិភាពជូនពលរដ្ឋពេលត្រឡប់ចូលលំនៅឋានវិញ

ឧត្ដរមានជ័យ៖ ដើម្បីលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីនមិនមែនគ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំប្លែង «ដីដែលមានមីន» ឱ្យក្លាយទៅជា ដីដែលមានសុវត្ថិភាពសម្រាប់បង្កបង្កើនផល។ មិនតែប៉ុណ្ណោះមន្ត្រីស៊ីម៉ាក់ គឺជាវីរជនដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី ដើម្បីដកយកគ្រាប់រំសេវដែលបង្កប់ក្នុងដី ចេញពីជីវិតរបស់ប្រជាជន។ បើគ្មានពួកគាត់ទេ យើងក៏មិនអាចមានដីដែលមានសុវត្ថិភាពសម្រាប់សាងសង់លំនៅឋាន សាលារៀន ឬអភិវឌ្ឍន៍វិស័យកសិកម្មបានដូចសព្វថ្ងៃនេះដែរ៕

You might also like