ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦  របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

ក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអនុញ្ញាតឱ្យឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ រាយការណ៍ចំពោះលទ្ធផលការងាររបស់ខ្លួនក្នុងឆ្នាំ២០២៥ កន្លងមក ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានចំណុះ ចូលរួមមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។

ក្រោយពីក្តាប់បាននូវរបាយការណ៍ផ្ទាល់មាត់ របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានរួចមក កិច្ចប្រជុំបានបន្តពិភាក្សាពិគ្រោះយោបល់លើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ជាគន្លឹះល្អៗសម្រាប់ការអនុវត្តភារកិច្ចបន្ត។

ជាមតិចុងក្រោយ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវចំពោះតួនាទី និងចំពោះមុខថ្នាក់ដឹកនាំនាពេលកន្លងមក និងបានផ្តាំផ្ញើឱ្យបន្តអនុវត្តផែនការប្រចាំឆ្នាំ២០២៦ នេះ ឱ្យកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព ស្របតាមអភិក្រមការងារគឺ លឿន ត្រឹមត្រូវ និងយុត្តិធម៌។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សុន ពិសិដ្ឋ  អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌  ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក លោកស្រី អគ្គនាយលរង  ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌផងដែរ។

You might also like