លោក Trump ទទួលយកមេដាយណូបែលសន្តិភាព ពីមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា

មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machadoga បានប្រគល់មេដាយរង្វាន់ណូបែលសន្តិភាព ជូនដល់លោកប្រធានាធិបតីអាមេរិក Donald Trump ហើយលោកក៏បានទទួលយក កាលពីថ្ងៃព្រហស្បតិ៍ (១៥ មករា) ក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន ខណៈលោកស្រីព្យាយាមជះឥទ្ធិពលខ្លះលើមធ្យោបាយដែលប្រធានាធិបតីអាមេរិករូបនេះ កំណត់អនាគតនយោបាយរបស់ប្រទេសអាមេរិកខាងត្បូង វ៉េណេស៊ុយអេឡា។
មន្ត្រីសេតវិមានម្នាក់បានបញ្ជាក់ថា លោក Trump មានបំណងរក្សាទុកមេដាយនេះ។ ក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅល្ងាចថ្ងៃព្រហស្បតិ៍ លោក Trump បានសរសេរថា «លោកស្រី Maria បានប្រគល់រង្វាន់ណូបែលសន្តិភាពជូនលោក សម្រាប់កិច្ចការដែលលោកបានធ្វើ។ នេះជាកាយវិការដ៏អស្ចារ្យនៃការគោរពគ្នាទៅវិញទៅមក។ សូមអរគុណលោកស្រី Maria!»។
លោកស្រី Machado ដែលបានឈ្នះពានណូបែលសន្តិភាពនេះកាលពីខែមុន បានពណ៌នាកិច្ចប្រជុំនៅសេតវិមានថា “ល្អឥតខ្ចោះ” ហើយក៏បាននិយាយថា អំណោយនេះគឺជាការទទួលស្គាល់នូវអ្វីដែលលោកស្រីហៅថា ការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះសេរីភាពរបស់ប្រជាជនវ៉េណេស៊ុយអេឡា។
ការប៉ុនប៉ងរបស់លោកស្រី Machado ដើម្បីយកចិត្តលោក Trump បានកើតឡើងបន្ទាប់ពីលោកបានច្រានចោលគំនិតនៃការដំឡើងលោកស្រី ជាមេដឹកនាំវ៉េណេស៊ុយអេឡា ដើម្បីជំនួសលោក Nicolas Maduro ដែលត្រូវបានបណ្តេញចេញក្នុងប្រតិបត្តិការយោធាអាមេរិកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ លោក Trump បង្ហាញចំណាប់អារម្មណ៍ជាយូរមកហើយលើរង្វាន់ណូបែលសន្តិភាព ហើយលោកក៏បានធ្វើយុទ្ធនាការយ៉ាងបើកចំហក្នុងបំណងចង់បានពានរង្វាន់ដ៏ខ្ពង់ខ្ពស់នេះផងដែរ ដោយលើកពីសមិទ្ធផលការទូតរបស់លោកនាពេលកន្លងមក៕

You might also like