អូស្រ្តាលី ប្តេជ្ញាចូលរួមសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឱ្យនៅស្ថិតស្ថេរជានិរន្តរ

ប្រទេសអូស្រ្តាលីប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឲ្យនៅស្ថិតស្ថេរជានិរន្តរ ដើម្បីធានាឲ្យពលរដ្ឋភៀសសឹកកម្ពុជាអាចត្រឡប់ទៅលំនៅឋានវិញ។
មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយ BTV ក្នុងពេលចុះទៅកាន់មណ្ឌលសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ លោក Derek Yip(ដេរិក យីប) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអូស្រ្តាលី និងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា លោកមានការរីករាយដែលជួយគំាទ្រអ្វីដែលជាតម្រូវការរបស់ពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហើយជំនួយដែលរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជូនពលរដ្ឋភៀសសឹកម្ពុជាដែលជាតំរូវការជាក់ស្តែងមានដូចជា អនាម័យទឹកស្អាត ប្រព័ន្ធចម្រុះទឹក បង្គន់អនាម័យ និងសាច់ប្រាក់ជាដើម។ លើសពីនេះ លោកបន្តថា ប្រទេសអូស្រ្តាលីប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃ ឲ្យនៅស្ថិតស្ថេរជានិរន្តរ ដើម្បីធានាឲ្យពលរដ្ឋភៀសសឹកម្ពុជាគ្រប់រូបៗអាចត្រឡប់ទៅលំនៅឋានវិញ និងរស់នៅប្រកបដោយចីរភាព។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងដែរថា ការអញ្ជើញមកដល់របស់លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅមណ្ឌលភៀសសឹកចុងកាល់ គឺបានបង្ហាញពីសារសំខាន់ៗចំនួន៣ រួមមាន៖ទី១.អូស្រ្តាលីបានចូលរួមចែករំលែកការលំបាករបស់ពលរដ្ឋភៀសសឹក ទី២.ធ្វើជាសាក្សីផ្ទាល់ ក្នុងការមើលឃើញសោដនាកម្ម ផលលំបាកផ្សេងៗរបស់ពលរដ្ឋភៀសសឹកកម្ពុជា និងទី៣.ការជួយស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពពលរដ្ឋ ក្នុងរយៈពេលមធ្យម និងវែង។
ក្រោយពេលបទឈប់បាញ់រវាប្រទេសកម្ពុជា-ថៃ ចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥មក គេសង្កេតឃើញថា បណ្តាប្រទេសជាមិត្តជាមួយប្រទេសកម្ពុជា បានផ្តល់ជំនួយជា ថវិកា និងសំភារៈផ្សេងៗទៀត ដល់ប្រទេសកម្ពុជា ដែលក្នុងនោះមានដូចជា៖ ប្រទេសអូស្រ្តាលី ចិន សហរដ្ឋអាម៉េរិក និងជប៉ុនជាដើម៕

You might also like