ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាល និងណែនាំរបៀបរបបការងារដល់មន្រ្តីបន្តវេនវ័យក្មេង ដែលនឹងត្រូវទទួលភារកិច្ចថ្មី

នាថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាល និងណែនាំពីរបៀបរបបការងារដល់មន្ត្រីបន្តវេនវ័យក្មេង ដែលនឹងត្រូវទទួលភារកិច្ចថ្មី នៅតាមបណ្តានាយកដ្ឋាននានានៃក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងឱកាសសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្ដីរីករាយប្រកបដោយមោទនភាព និងអបអរសាទរដល់មន្ត្រីវ័យក្មេងទាំងអស់ដែលពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ ហើយត្រូវបានជ្រើសរើសតែងតាំងឱ្យទទួលភារកិច្ចថ្មី បន្ទាប់ពីឆ្លងកាត់ដំណាក់កាលការវាយតម្លៃយ៉ាងតឹងរឹងនិង ហ្មត់ចត់ទៅតាមលក្ខណៈសម្បត្តិនីមួយៗរបស់បេក្ខជន និងតាមនីតិវិធីច្បាស់លាស់ និងលក្ខខណ្ឌកំណត់នៃការជ្រើសរើសរបស់គណៈកម្មការ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការជ្រើសរើសដ៏ហ្មត់ចត់នេះគឺបង្ហាញពីការចូលរួមចំណែកក្នុងដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅកាន់រដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា មន្ត្រីវ័យក្មេងបន្តវេនទាំងអស់នឹងក្លាយជាកម្លាំងមូលធនមនុស្ស ដ៏កាន់តែមានសក្តានុពលបន្ថែមទៀតរបស់ក្រសួង និងបានណែនាំដល់មន្ត្រីវ័យក្មេងបន្តវេនត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពខ្លួនជាប្រចាំ បំពេញបេសកកម្ម និងកិច្ចការប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព៕

You might also like