ផែប៉ុស្តិ៍សុខភាពចល័តភូមិព្រែកក្រ លើបឹងទ្លេសាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ សម្រួលការលំបាកប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ផែប៉ុស្តិ៍សុខភាពចល័តព្រែកក្រ ស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិបណ្តែតទឹកព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) តាមរយៈឯកឧត្តមបណ្ឌិត ទី ថានីអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបាកាន ត្រូវបានធ្វើពិធីប្រគល់-ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមជួយលើកកម្ពស់សុខមាភាពនិងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ប្រជានេសាទ ដែលនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជនស្រុកបាកាន ។
ពិធីប្រគល់-ទទួល សម្ពោធផែប៉ុស្តិ៍សុខភាពចល័តនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយស្រុកបាកាន លោក ចន និងភរិយារួមនិងក្រុមគ្រួសារ ដែលជាម្ចាស់ជំនួយ និងដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុកបាកាន លោកអភិបាលស្រុកបាកាន លោកប្រធានមន្ទីរសុខាភិបាលខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ។
លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ផែប៉ុស្តិ៍សុខភាពចល័ត ដែលធ្វើពិធីប្រគល់-ទទួល និងសម្ពោធ នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះសុខុមាលភាព របស់បងប្អូន ទោះបីជាបងប្អូនរស់នៅលើផ្ទះបណ្តែតទឹកដែលនៅឆ្ងាយពីដីគោកយ៉ាងណាក្តី ។ ភូមិសាស្ត្រតំបន់បឹងទន្លេសាប ជាពិសេសតំបន់ភូមិអណ្តែតទឹកនេះ មានភាពលំបាកបន្តិច សម្រាប់ការធ្វើដំណើរទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅលើគោក។ កត្តានេះហើយ ដែលធ្វើឱ្យបងប្អូនមួយចំនួន ជាពិសេសចាស់ជរា និងកុមារ ជួបការលំបាកក្នុងការ ទទួលបានការថែទាំសុខភាពឱ្យបានទាន់ពេលវេលា ។ មើលឃើញពីទុក្ខលំបាកនេះ ទើបរាជរដ្ឋាភិបាល ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរខេត្ត បានខិតខំសម្រេចឱ្យមាន ផែប៉ុស្តិ៍សុខភាពចល័ត នេះឡើងដោយមានមន្ត្រីសុខាភិបាលនិងគ្រូពេទ្យ ប្រចាំការ ។ ចាប់ពីពេលនេះតទៅ ប៉ុស្តិ៍សុខភាពនេះនឹងដើរតួនាទី យ៉ាងសំខាន់៖ ១. ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅបឋមជូនបងប្អូននៅមូលដ្ឋាន ២. ផ្តល់សេវាថែទាំសុខភាព មាតា និងទារក ព្រមទាំងថ្នាំបង្ការ ៣. ជាកន្លែងសង្គ្រោះបឋម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្នុងករណី ធ្ងន់ធ្ងរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ការទទួលបាននូវផែចល័តដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី តាមរយះ ឯកឧត្តមបណ្ឌិត ទី ថានី ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅទីនេះ ដោយបង្ខិតសេវាអោយកាន់តែជិតប្រជាពលរដ្ឋ ដែលកន្លងមកប្រជាពលរដ្ឋត្រូវបន្តទៅស្វែងរកសេវាថែទាំសុខភាពផ្សេងៗ រឺសម្រាលកូន នៅមណ្ឌលសុខភាពមេទឹកនារដូវវស្សា និងតំបន់ផ្សេងៗដូចជា ខេត្តសៀមរាប និង មណ្ឌលសុខភាពរាំងទិលនារដូវប្រាំង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះត្រូវចំណាយថវិកាច្រើនក្នុង ការទៅស្វែងរកសេវាថែទាំសុខភាពដែលស្ថិតនៅឆ្ងាយ និងប្រជាពលរដ្ឋមួយចំនួនសម្រាលកូន នៅទីនេះដោយឆ្មបបុរាណ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ហើយក៏មិនមានប្រព័ន្ធបញ្ជូនអ្នកជំងឺច្បាស់លាស់ទាន់ពេល ប្រកបដោយសុវត្ថិភាពដល់អ្នកជំងឺនៅឡើយ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) ដែលមានលោក ចន និងភរិយា រួមនិងក្រុមគ្រួសារ ដែលជាម្ចាស់អំណោយ បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រួលការលបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនេះគឺកាយវិការមនុស្សធម៌ដ៏មានតំលៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) បានចូលរួមសកម្មភាពមនុស្សធម៌ក្នុងខេត្តពោធិ៍សាត់ កន្លងមកអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី តែងតែចូលរួមឧបត្ថម្ភ ផ្តល់អំណោយ និងកសាងសមិទ្ធផលនានាលើវិស័យអប់រំនៅខេត្តពោធិ៍សាត់ ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រួមនិងក្រុមការងារចុះជួយស្រុកបាកាន បានប្រគល់ជូន ឈុតភ្លើងសូឡា និងទូកសម្រាប់ធ្វើដំណើររបស់ប៉ុស្តិ៍ផែសុខភាពចល័តព្រែកក្រ ងាយស្រួលផ្តល់សេវានិងជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ៕

You might also like