ព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីសម្រេចលើរបៀបវារៈចំនួន៣
នាថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖
១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
២-ពិនិត្យ និងសម្រេចអំពីនីតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
៣-ផ្សេងៗ។
ឆ្លងតាមការពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដូចខាងក្រោម៖
១-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ទៅឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងនាំយកយោបល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា។
២-ការបោះឆ្នាតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥៕






