អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈច្បាស់ជាបានជ្រាបមកហើយនូវពិធីមង្គលការរបស់កូនប្រុសរបស់តារាសម្តែងជើងចាស់លោកស្រី ចាន់ តារាទី និងអតីតស្វាមី គឺឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ
កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈច្បាស់ជាបានជ្រាបមកហើយនូវពិធីមង្គលការរបស់កូនប្រុសរបស់តារាសម្តែងជើងចាស់លោកស្រី ចាន់ តារាទី និង អតីតស្វាមី គឺឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ។
ក្នុងពិធីមង្គលការរបស់កូនប្រុសតារាសម្តែងជើងចាស់ខាងលើនេះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សិល្បករសិល្បការិនី និង អ្នកមានមុខមាត់ មានឋានៈក្នុងសង្គមជាច្រើន ដើម្បីអបអរសាទរដល់គូស្វាមីភរិយាថ្មីផងដែរ។
យ៉ាងណាមិញ អ្វីដែលកាន់តែចាប់អារម្មណ៍នោះដែរ ក្នុងពិធីមង្គលការរបស់កូនប្រុសលោកស្រី ចាន់ តារាទី និង អតីតស្វាមី ក៏លេចវត្តមានរបស់អតីតតារាសម្តែងស្រស់សោភា ជំទាវ ពេជ្រ ច័ន្ទបូរមី ដែលជាភរិយាបច្ចុប្បន្នរបស់ ឯកឧត្តម កែវ វណ្ណថន។
វត្តមានរបស់ជំទាវ ពេជ្រ ច័ន្ទបរមី ក៏បានធ្វើឱ្យមហាជនបានសរសើរពីរូបសម្រស់របស់អតីតតារាសម្តែងស្រីរូបនេះ ព្រមទាំងមើលឃើញពីទំនាក់ទំនងល្អរវាងលោកស្រី ចាន់ តារាទី និង ជំទាវ ពេជ្រ ច័ន្ទបូរមី ដែលជាអតីត និង ភរិយាបច្ចុប្បន្នរបស់ឯកឧត្តម កែវ វណ្ណថន។
គួរឱ្យដឹងថា បើទោះជាលោកស្រី ចាន់ តារាទី និង អតីតស្វាមីបានលែងលះគ្នាជាច្រើនឆ្នាំ រីឯស្វាមីមានភរិយាថ្មីជាអតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី ក្តី តែអតីតស្វាមីរបស់លោកស្រី ចាន់ តារាទី នៅតែបំពេញតួនាទីជាឪពុកដ៏ល្អ។
ម្យ៉ាងវិញទៀត នេះក៏មិនមែនជាលើកទី ១ ដែរ ដែលមានវត្តមានរបស់ជំទាវ ពេជ្រ ច័ន្ទបូរមី ក្នុងកម្មវិធីគ្រួសាររបស់លោកស្រី ចាន់ តារាទី។ កន្លងមក ឱ្យតែមានកម្មវិធីជាលក្ខណៈគ្រួសារ ជាពិសេស កម្មវិធីរបស់កូនៗលោកស្រី ចាន់ តារាទី និង អតីតស្វាមី នោះ ជំទាវ ពេជ្រ ច័ន្ទបូរមី រមែងចូលរួមជានិច្ច៕






