នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi នឹងរំលាយសភា ហើយរៀបចំការបោះឆ្នោតមុនអាណត្តិ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីនឹងរំលាយសភា នៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយរៀបចំការបោះឆ្នោតសកល ដែលជាកិច្ចប្រឹងប្រែងស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ចំពោះផែនការចំណាយ និងគោលនយោបាយផ្សេងៗទៀតរបស់លោកស្រី។
ការប្រកាសអំពីការបោះឆ្នោតមុនអាណត្តិ នាថ្ងៃចន្ទ (ទី១៩ ខែមករា ឆ្នាំ២០២៦) នេះ បានកើតមានឡើងត្រឹមតែ ៣ខែប៉ុណ្ណោះ បន្ទាប់ពីលោកស្រីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេស។ លោកស្រី Takaichi បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ថ្ងៃនេះ ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រី បានសម្រេចរំលាយសភាជាន់ទាប នៅថ្ងៃទី២៣ ខែមករា»។
ការបោះឆ្នោតមុនអាណត្តិនេះ នឹងសម្រេចលើអាសនៈ ៤៦៥ នៅក្នុងសភាជាន់ទាបរបស់រដ្ឋសភា ហើយជាការសាកល្បងការបោះឆ្នោតលើកដំបូងរបស់លោកស្រី Takaichi ចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រី។ ការរៀបចំការបោះឆ្នោតមុនកាលកំណត់នេះ នឹងអាចឲ្យលោកស្រីទាញយកអត្ថប្រយោជន៍ ពីការគាំទ្រដ៏ខ្លាំងក្លារបស់សាធារណជន ដើម្បីធ្វើឲ្យកាន់តែរឹងមាំនូវការគ្រប់គ្រងរបស់លោកស្រីលើគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងពង្រឹងសំឡេងភាគច្រើនដ៏ផុយស្រួយរបស់សម្ព័ន្ធមិត្តលោកស្រី។
ការបោះឆ្នោតនេះនឹងសាកល្បងថា តើអ្នកបោះឆ្នោត គាំទ្រការចំណាយខ្ពស់ដែរ ឬទេ នៅពេលដែលការចំណាយនៃការរស់នៅ គឺជាកង្វល់ចម្បងរបស់សាធារណជន។ ការស្ទង់មតិមួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK កាលពីសប្តាហ៍មុន បានរកឃើញថា អ្នកឆ្លើយតប ៤៥ភាគរយ បានលើកឡើងពីតម្លៃទំនិញជាកង្វល់ចម្បងរបស់ពួកគេ បន្ទាប់មកការទូត និងសន្តិសុខជាតិ មាន ១៦ភាគរយ៕

You might also like