ឯកឧត្តម ងួន ពេជ្រ អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
នាថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ងួន ពេជ្រ និង ឯកឧត្តម កង ចាន់ថន ទីប្រឹក្សាក្រសួង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមជម្រាបថា គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកពោធិ៍ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយផ្គត់ផ្គង់ទឹកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាពិសេសការបង្កើនរដូវដាំដុះបានចាប់ពីរដងទៅបីដងក្នុងមួយឆ្នាំ។
ក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងការងារថែទាំដោយបូមស្ដារភក់ដែលកកស្ទះនៅខាងមុខស្ថានីយ និងការងារជួសជុលឡើងវិញបន្ទប់ដាក់ម៉ាស៊ីនដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ។ ទន្ទឹមនឹងនេះ ឯកឧត្តមទីប្រឹក្សា ក៏បានស្នើឱ្យបន្តការយកចិត្តទុកដាក់ថែទាំស្ដារភក់ជាប្រចាំ ដើម្បីកុំឱ្យកកស្ទះក្បាលបូមទឹក និងបន្តការជួសជុលសំណង់ ដោយធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញឱ្យស្របទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវគុណភាព សោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង ៕



