ការគំរាមបញ្ហាកោះហ្គ្រីនលែនរបស់លោក Trump ជះស្រមោលលុបលើសង្គ្រាមអ៊ុយក្រែននៅឯវេទិកាក្រុងដាវ៉ូស

ការគំរាមរបស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ចូលកោះហ្គ្រីនលែនជាឧបសម្ព័ន្ធ និងដាក់ពន្ធជាការដាក់ទណ្ឌកម្មលើបណ្ដាប្រទេសនៅអឺរ៉ុបដែលប្រឆាំងនឹងលោក ត្រូវបានកំណត់ឱ្យគ្របដណ្ដប់លើកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅទីក្រុង ដាវ៉ូស ប្រទេសស្វីស សប្តាហ៍នេះ។
ប៉ុន្តែទោះបីជាការទាមទាររបស់មេដឹកនាំអាមេរិកក្នុងការគ្រប់គ្រងកោះអាកទិកដែលសម្បូរទៅដោយរ៉ែបានរុញការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនចេញពីការចាប់អារម្មណ៍ក៏ដោយ សង្គ្រាម និងផលប៉ះពាល់សេដ្ឋកិច្ចនឹងនៅតែជារបៀបវារៈកំពូលក្នុងការជួបជុំមេដឹកនាំពិភពលោកដដែល។
អតីតអ្នកការទូតអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន The Moscow Times ដោយសុំមិនបញ្ចេញឈ្មោះថា អឺរ៉ុបមានការថប់បារម្ភកាន់តែខ្លាំងនៅពេលលោក Trump ត្រូវបានជាប់ឆ្នោត។ ហើយពេលនេះ ប្លុកមួយនេះ កាន់តែថប់បារម្ភខ្លាំងថែមទៀត ដែលភាគច្រើនដោយសារតែកោះហ្គ្រីនលែន។
លោក Trump នឹងចូលរួមកិច្ចប្រជុំឆ្នាំនេះដោយផ្ទាល់បន្ទាប់ពីបានបង្ហាញខ្លួនតាមវីដេអូកាលពីឆ្នាំមុន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក។ លោកគ្រោងនឹងថ្លែងទៅកាន់វេទិកានៅរសៀលថ្ងៃពុធនេះ ពេលវេលាក្នុងប្រទេសស្វីស។
ខណៈព្រឹត្តិការណ៍ពេញមួយថ្ងៃដំបូងបានចាប់ផ្តើមនៅទីក្រុងដាវ៉ូសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក Trump បានចែករំលែកសារជាអក្សរពីប្រធានាធិបតីបារាំងលោក Emmanuel Macron និងអគ្គលេខាធិការណាតូ លោក Mark Rutte នៅលើបណ្ដាញសង្គម Truth Social ដែលបង្ហាញថា មេដឹកនាំអឺរ៉ុបចង់ជួបរូបលោកពិភាក្សាបញ្ហាកោះហ្គ្រីនលែនក្នុងទីក្រុងដាវ៉ូស។
ប្រធានាធិបតីអាមេរិករូបនេះក៏បាននិយាយផងដែរថា លោកអាចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងដាវ៉ូស។
លោក Zelenskyy បានលើកឡើងថា លោកនឹងមិនចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកទេ ដើម្បីដោះស្រាយផលវិបាកនៃការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានកម្ដៅ ឬអគ្គិសនី ក្នុងអំឡុងសីតុណ្ហភាពត្រជាក់ខ្លាំង៕

You might also like