ឃាតករ បាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត

(តូក្យូ)៖ បុរសជាខ្មាន់កាំភ្លើង ដែលរងការចោទប្រកាន់ពីបទធ្វើឃាត អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe នាថ្ងៃពុធនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។
ការប្រកាសសាលក្រមខាងលើនេះ ត្រូវបានធ្វើឡើងនៅតុលាការក្នុងទីក្រុង Nara បន្ទាប់ពីករណីឃាតកម្ម ដែលបានធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោក កាលពីជាង៣ឆ្នាំមុន។ បុគ្គលឈ្មោះ Tetsuya Yamagami បច្ចុប្បន្នអាយុ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងផ្ទាល់ កាលពីខែកក្កដា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពបាញ់ប្រហារលើ លោក Abe ជាមួយកាំភ្លើងកែច្នៃ អំឡុងពេលលោកអតីតនាយករដ្ឋមន្រ្តីជប៉ុន កំពុងឈរថ្លែងសារយុទ្ធនាការបោះឆ្នោត នៅទីក្រុង Nara។ លោក Abe ពេលនោះ មានអាយុ៦៥ឆ្នាំ។
គួរបញ្ជាក់ថា ពេលនោះ ទោះបីលែងជាមេដឹកនាំជប៉ុនក៏ដោយ លោក Abe នៅបន្តជាបុគ្គលដ៏មានឥទ្ធិពលនិងសំខាន់ខ្លាំងមួយរូប ក្នុងជួរគណបក្សកាន់អំណាច LDP។ លោក Abe បានកាន់តួនាទីជានាយករដ្ឋមន្រ្តី រយៈពេលសរុប៣១៨៨ថ្ងៃ អំឡុង២អាណត្តិដាច់ដោយឡែកពីគ្នា ហើយបានលាលែងកាលពីខែកញ្ញា ឆ្នាំ២០២០ ដោយសារហេតុផលបញ្ហាសុខភាព។ ឥឡូវនេះ លោកស្រី Sanae Takaichi ដែលគេស្គាល់ថាជាកូនសិស្សរបស់លោក កំពុងដឹកនាំប្រទេសជប៉ុន និងបក្ស LDP ប៉ុន្តែសមត្ថភាពរក្សាអំណាចរបស់បក្ស បានថយចុះខ្លាំង ចាប់តាំងពីលែងមានរូបលោក៕

You might also like