ឥណ្ឌូណេស៊ី ដកអាជ្ញាប័ណ្ណក្រុមហ៊ុនចំនួន ២៨ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវលើកោះស៊ូម៉ាត្រា

(ហ្សាការតា)៖ ឥណ្ឌូណេស៊ី បានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនព្រៃឈើ ជីកយករ៉ែ និងវារីអគ្គិសនី ចំនួន ២៨ក្រុមហ៊ុន នៅលើកោះស៊ូម៉ាត្រា ដោយរដ្ឋមន្ត្រីរដ្ឋាភិបាលអះអាងថា ការដកហូតបានធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីទឹកជំនន់ដ៏សាហាវបង្កការបំផ្លិចបំផ្លាញផ្នែកខ្លះនៃកោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ ២០២៦។
រដ្ឋមន្ត្រីលេខាធិការដ្ឋានរដ្ឋ លោក Prasetyo Hadi ប្រាប់អ្នកយកព័ត៌មានថា ក្រុមការងារបានចុះធ្វើសវនកម្មក្រុមហ៊ុន ក្នុងខេត្តទាំង ៣នៃកោះស៊ូម៉ាត្រា ហើយរាយការណ៍ជូនប្រធានាធិបតី លោក Prabowo Subianto។ ផ្អែកលើរបាយការណ៍នោះ លោកប្រធានាធិបតីសម្រេចដកអាជ្ញាប័ណ្ណក្រុមហ៊ុនចំនួន ២៨ ដែលរកឃើញថាបានប្រព្រឹត្តល្មើសច្បាប់។ លោក Prasetyo មិនបានបញ្ជាក់អំពីបទល្មើសដែលក្រុមហ៊ុនបានប្រព្រឹត្តទេ ដោយគ្រាន់តែនិយាយថា ក្រុមហ៊ុនដែលត្រូវដកអាជ្ញាប័ណ្ណ រួមមានក្រុមហ៊ុនព្រៃឈើចំនួន ២២ គ្របដណ្តប់លើផ្ទៃដីសរុបជាង ១លានហិកតា រីឯក្រុមហ៊ុនចំនួន ៦ទៀតជាក្រុមហ៊ុនរុករករ៉ែ និងអ្នកអភិវឌ្ឍរោងចក្រវារីអគ្គិសនី។
គួរបញ្ជាក់ថា តាមមន្ត្រីបរិស្ថាន អ្នកជំនាញ និងរដ្ឋាភិបាលឥណ្ឌូណេស៉ី ការកាប់បំផ្លាញព្រៃឈើ គឺជាមូលហេតុនៃគ្រោះមហន្តរាយទឹកជំនន់ឆ្នាំមុន ដែលបានឆក់យកជីវិតមនុស្សជាង ១ ០០០នាក់ ទូទាំងកោះស៊ូម៉ាត្រា។ ព្រៃឈើនៅឥណ្ឌូណេស៉ី ជាង ២៤០ ០០០ហិកតា បានបាត់បង់នៅក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការវិភាគដោយគម្រោងអភិរក្ស The TreeMap’s Nusantara Atlas៕

You might also like