ក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មចំនួន៣ ក្នុងខេត្តមណ្ឌលគិរី ប្រកាសជ្រើសរើសកម្លាំងពលកម្មជាង ៣០០កន្លែង

លោក ងូក សុវណ្ណ អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មធំៗចំនួន ៣ បានប្រកាសជ្រើសរើសកម្លាំងពលកម្មសរុបជាង ៣០០ កន្លែង ដែលជាឱកាសសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វែងរកការងារធ្វើ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងជ្រើសរើសកម្លាំងពលកម្មរួមមាន៖ ១. ក្រុមហ៊ុន សុខហ្វីន ខេ.ស៊ី.ឌី (មណ្ឌលគិរី) ស្ថិតនៅស្រុកពេជ្រាដា ជ្រើសរើសកម្លាំងពលកម្មផ្នែកជៀរជ័រកៅស៊ូ ចំនួន ១៥០ នាក់ ក្នុងនោះស្ត្រី ៥០ នាក់។
២. ក្រុមហ៊ុន មេហ្គាហ្វិស ផ្លេនថេសិន (ខេមបូឌា) អិលធីឌី ស្ថិតនៅស្រុកអូររាំង ជ្រើសរើសកម្លាំងពលកម្មផ្នែកកសិកម្ម (ដំណាំ) ចំនួន ១០០ នាក់ ក្នុងនោះស្ត្រី ៥០ នាក់។ ៣. ក្រុមហ៊ុន ប៊ិញហហ្វឿក ក្រចេះ រ៉ាប់ប៊ើ (1) ខមភេនី លីមីធីត ស្ថិតនៅស្រុកកែវសីមា ជ្រើសរើសកម្លាំងពលកម្មផ្នែកជៀរជ័រកៅស៊ូ ចំនួន ៦០ នាក់ ក្នុងនោះស្ត្រី ៣០ នាក់។
លោក ងូក សុវណ្ណ បន្ថែមថា កម្លាំងពលកម្មដែលចូលបម្រើការងារនៅក្រុមហ៊ុនទាំងនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ប្រាក់ឈ្នួលប្រចាំខែចាប់ពី ៩២០,០០០ រៀលឡើងទៅ មានអាហារ ៣ ពេលក្នុងមួយថ្ងៃ កន្លែងស្នាក់នៅសមរម្យ និងទទួលបានប័ណ្ណ ប.ស.ស សម្រាប់ការថែទាំសុខភាព។
ចំពោះលក្ខខណ្ឌជ្រើសរើស កម្លាំងពលកម្មទាំងបុរស និងស្ត្រី ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទទំនាក់ទំនង។ ជាពិសេស សម្រាប់ពលករដែលវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសវិញ នឹងត្រូវបានលើកលែងការទាមទារអត្តសញ្ញាណប័ណ្ណផងដែរ៕

You might also like