អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ អ្នកមានអត្តសញ្ញាណច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ និងសុវត្ថិភាពសង្គម

នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងប្រទេសនីតិរដ្ឋមួយបើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មានអត្តសញ្ញាណច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាក់ជាមិនខាននោះឡើយ ដូច្នេះត្រូវធ្វើការ ទប់ស្កាត់ចំពោះករណីនេះឲ្យខាងតែបាន។
ឧត្តមសេនីយ៍ឯក តុប នេត ក៏បានបញ្ជាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋាន ធ្លាប់ជួបប្រទះបញ្ហាប្រឈមមួយចំនួនលើការក្លែងបន្លំ ឬភាពជាន់គ្នានៃឯកសារអត្តសញ្ញាណបុគ្គល ដូចជាមានករណីបញ្ហាបុគ្គលម្នាក់មានអត្តសញ្ញាណច្រើនផ្សេងៗគ្នា និងមានករណីបុគ្គលច្រើននាក់ ប្រើប្រាស់អត្តសញ្ញាណតែមួយផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា «ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើនមានអត្តសញ្ញាណច្រើនវានឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ នេះសំដៅលើការទទួលខុសត្រូវចំពោះមុខច្បាប់ ការពារការក្លែងបន្លំ ការទទួលបាននូវសិទ្ធបុគ្គលជាមូលដ្ឋាន ការមិនរើសអើង និងសមភាពក្នុងសង្គម»។ ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយកក៏បានលើកឡើងផងដែរថា សព្វថ្ងៃការផ្ដល់សេវាអត្តសញ្ញាណកម្មទទួលបានការសាទរជាច្រើនពីប្រជាពលរដ្ឋ ប៉ុន្តែនៅមានចំណុចប្រឈមមួយចំនួន ដែលត្រូវខិតខំកែលម្អឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមអគ្គនាយកបន្ដទៀតថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ហើយឯកឧត្តម លើកទឹកចិត្តឲ្យក្រុមការងារខិតខំបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មបន្ថែមទៀតផងដែរ៕

You might also like