សំណួរចំពោះរដ្ឋបាលខេត្តស្វាយរៀង តើកិច្ចប្រជុំពង្រឹងក្រមសីលធម៌ ឬការបំបាក់ស្មារតីសារព័ត៌មាន?

(ខេត្តស្វាយរៀង)កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញអ្នកសារព័ត៌មានទៅបើកកិច្ចប្រជុំ ដោយលើកឡើងថា ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាននៅក្នុងភូមិសាស្ត្រខេត្ត។ ទោះយ៉ាងណា បរិយាកាស និងបរិបទនៃកិច្ចប្រជុំនោះ បានបង្កើតសំណួរធ្ងន់ៗពីមជ្ឈដ្ឋានសារព័ត៌មាន និងសាធារណជន ថា តើនេះជាការលើកកម្ពស់វិជ្ជាជីវៈពិតប្រាកដ ឬជាការបង្ហាញអំណាច ដើម្បីបំបាក់ស្មារតី និងកម្រិតសិទ្ធិសេរីភាសារព័ត៌មាន?
ការអញ្ជើញនេះ បានកើតឡើងក្រោយពេលមានសារព័ត៌មានជាច្រើន ផ្សព្វផ្សាយព័ត៌មានរិះគន់អំពីបញ្ហាដែលសាធារណជនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង រួមមាន ការស៊ីណូ67របស់ តាបារាំនៅច្រកប៉ុស្តិ៍សំរោង បើកឲ្យជនជាតិខ្មែរចូលលេងល្បែងជល់មាន់ ការចរាចរទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកព្រំដែន ការអនុវត្តមិនមានប្រសិទ្ធភាពរបស់មន្ត្រីពាក់ព័ន្ធមួយចំនួន ក៏ដូចជាបញ្ហាពាក់ព័ន្ធគម្រោងស្តាព្រែកតាពៅ ដែលមានការលើកឡើងពីភាពមិនប្រក្រតី និងតម្រូវឲ្យមានការបកស្រាយច្បាស់លាស់ពីអាជ្ញាធរ។
ក្នុងន័យស្ថាបនា សារព័ត៌មានសួរថា ប្រសិនបើការផ្សព្វផ្សាយព័ត៌មានទាំងនេះមិនត្រឹមត្រូវ ហេតុអ្វីមិនជ្រើសរើសផ្លូវបកស្រាយដោយតម្លាភាព ឯកសារ និងភស្តុតាងជាក់ស្តែង ជំនួសឲ្យការអញ្ជើញអ្នកសារព័ត៌មានមកប្រជុំ ដែលអាចបង្កើតអារម្មណ៍បំភ័យ និងសង្កត់សម្ពាធលើអ្នកសារព័ត៌មាន?។
សេរីភាពសារព័ត៌មាន មិនមែនជាឧបសគ្គនៃការគ្រប់គ្រងរដ្ឋបាលឡើយ ប៉ុន្តែជាឧបករណ៍សំខាន់ ក្នុងការជួយរដ្ឋាភិបាល និងអាជ្ញាធរ បង្កើនតម្លាភាព ប្រឆាំងអំពើពុករលួយ និងកែលម្អការអនុវត្តការងារ។ ការអំពាវនាវឲ្យអ្នកសារព័ត៌មាន “ប្រុងប្រយ័ត្ន” មិនគួរត្រូវបកស្រាយថា” ជាការហាមឃាត់ការផ្សាយព័ត៌មាន មុននឹងផ្សាយត្រូវស៊ើបអង្កេត ចាំស្តាប់ការបកស្រាយរបស់ថ្នាក់ដឹកនាំជាមុន? តែថ្នាក់ដឹកនាំមិនបកស្រាយមិនឲ្យផ្សាយ? ឬការរិះគន់ក្នុងន័យស្ថាបនាដែលផ្អែកលើប្រភព និងការពិនិត្យត្រឹមត្រូវនេះមិនឲ្យផ្សាយ។
សារព័ត៌មានសូមអំពាវនាវដល់រដ្ឋបាលខេត្តស្វាយរៀង ឲ្យបង្ហាញជំហរច្បាស់លាស់ក្នុងការគាំទ្រសេរីភាពសារព័ត៌មាន ដោយបើកចំហសម្រាប់ការសួរ–ឆ្លើយ ការផ្តល់ព័ត៌មានជាផ្លូវការ និងការបង្កើតយន្តការត្រួតពិនិត្យខាងក្នុង ដើម្បីឆ្លើយតបចំពោះការរិះគន់របស់សង្គម។ ការបិទបាំង ឬការប្រើវិធានការដែលបង្កើតអារម្មណ៍បំភ័យ មិនមែនជាដំណោះស្រាយនៃការកសាងទំនុកចិត្តសាធារណៈឡើយ។
នៅក្នុងសង្គមប្រជាធិបតេយ្យ ការរិះគន់ក្នុងន័យស្ថាបនា គឺជាថាមពលសម្រាប់កែលម្អ មិនមែនជាសត្រូវនៃអាជ្ញាធរទេ។ ការទទួលយកការពិត ការបើកចំហ និងការឆ្លើយតបដោយតម្លាភាព ប៉ុណ្ណោះ ដែលអាចធ្វើឲ្យរដ្ឋបាលខេត្ត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងសារព័ត៌មានយ៉ាងពិតប្រាកដ។

១. ការអញ្ជើញអ្នកសារព័ត៌មានទៅប្រជុំ គឺដើម្បីពង្រឹងវិជ្ជាជីវៈពិតប្រាកដ ឬជាវិធានការបំបាក់ស្មារតី ដើម្បីកម្រិតសេរីភាពការផ្សាយព័ត៌មាន?
២. ហេតុអ្វីរដ្ឋបាលខេត្ត មិនជ្រើសរើសការបកស្រាយជាសាធារណៈដោយតម្លាភាព ចំពោះព័ត៌មានដែលសារព័ត៌មានបានផ្សាយ ប៉ុន្តែវិលទៅប្រើការកោះអញ្ជើញប្រជុំជំនួសវិញ?
៣. តើសេរីភាពសារព័ត៌មាន ត្រូវបានចាត់ទុកជាដៃគូស្ថាបនាអភិបាលកិច្ចល្អ ឬជាបញ្ហាដែលត្រូវគ្រប់គ្រង និងទប់ស្កាត់?
៤. ចំពោះការលើកឡើងអំពីទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តើមានលទ្ធផលអធិការកិច្ច ឬសកម្មភាពជាក់ស្តែងអ្វីខ្លះ ដែលអាចឆ្លើយតបនឹងការសង្ស័យរបស់សង្គម?
៥. រដ្ឋបាលខេត្តស្វាយរៀង មានយន្តការច្បាស់លាស់អ្វី ដើម្បីធានាថា អ្នកសារព័ត៌មានអាចបំពេញតួនាទីដោយសុចរិត សុវត្ថិភាព និងគ្មានសម្ពាធអំណាច?៕

 

You might also like