ចុងសប្តាហ៍នេះ នាវាកងទ័ពជើងទឹកអាមេរិក ចូលចតនៅផែសមុទ្ររាម
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ នាវាកងទ័ពជើងទឹកអាមេរិកមួយគ្រឿង នឹងចូលចតនៅកំពង់ផែសមុទ្ររាម។ នាវាកងទ័ពជើងទឹកអាមេរិក ដែលផ្ទុកជាមួយនាវិកប្រមាណជា ១០០នាក់ នឹងចតនៅកំពង់ផែសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។
នាវាកងទ័ពជើងអាមេរិក ដែលជានាវាកងទ័ពជើងទឹកបរទេសដំបូង ធ្វើដំណើរមកកាន់កម្ពុជានៅដើមឆ្នាំ២០២៦ ដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame។
ជាមួយការចូលចតនៃនាវាកងទ័ពជើងទឹកនៅកម្ពុជារយៈពេល៥ថ្ងៃនេះ ក៏មានដំណើរទស្សនកិច្ចរបស់មេទ័ពជើងទឹករបស់អាមេរិក នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៅកម្ពុជាផងដែរ។
នាយឧត្តមនាវី Samuel Paparo នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកម្ពុជា ហើយក៏អញ្ជើញជាអធិបតីបើកកម្មវិធីហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកកម្ពុជាជាមួយអាមេរិកផងដែរ។
សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកអាមេរិក គឺជានាកងទ័ពជើងទឹករបស់បរទេសទី៣ ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាទី១របស់ជប៉ុន នាវាទី២ របស់វៀតណាម៕




