អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រយៈពេល ៦ខែចុងក្រោយ កម្ពុជា ធ្វើកំណត់ទូតតវ៉ា ការបំភ្លឺ ញត្តិថ្កោលទោសជិត ៧០០លើក ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ
ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល ៦ខែចុងក្រោយនេះ នៃការឈ្លានពានរបស់យោធាថៃ លើកម្ពុជា ក្រសួង និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក។
ការឱ្យដឹងបែបនេះរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសធ្វើបច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ» គិតមកដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
លោក ប៉ែន បូណា បានឱ្យដឹងថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួងនិងស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុកជាកិច្ចការងារអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។
លោក ប៉ែន បូណា បានឱ្យដឹងយ៉ាងដូច្នេះថា «ជាក់ស្តែងក្នុងអំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក ក្នុងនោះមានដូចជា ក្រសួងការពារជាតិចំនួន ៣៨៣លើក, ក្រសួងមហាផ្ទៃចំនួន ៨៣លើក, ក្រសួងវប្បធម៌និងវិចិត្រសីល្បៈចំនួន ៦៤លើក, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៤៩លើក, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៧លើក, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ២០លើក, មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ១៦លើក និងក្រសួងធម្មការនិងសាសនាចំនួន ១លើក»។
លោក ប៉ែន បូណា បានថ្លែងា ដោយឡែកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការជាមួយក្រសួង ស្ថាប័ននានា ដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាព (Press Briefing) ប្រចាំថ្ងៃចំនួនជិត ២០០លើក ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋឬឆ្លើយតបជាមួយភាគីថៃ និងបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ចំពោះការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជូនដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិបានជ្រាប។
ក្រៅពីនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើបទបង្ហាញចំនួន១៤លើក ជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានដឹកនាំអង្គទូតនិងអង្គការអន្តរជាតិចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតាមបណ្តាខេត្តជាប់ព្រំដែនបាន ៤លើក។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិបានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។
លោក ប៉ែន បូណា បានបន្តថា ក្រសួងការពារជាតិ ក៏បានសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមព្រំដែនជាបន្តបន្ទាប់ និងសម្របសម្រួលកិច្ចប្រេជុំ RBC និង GBC ជាច្រើនលើកទៀត។ ដោយឡែក ក្រសួងព័ត៌មានក៏បានសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចុះទៅដល់តំបន់ព្រំដែន ដើម្បីរាយការណ៍ព័ត៌មានអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងផលប៉ះពាល់លើជនស៊ីវិលស្លូតត្រង់កម្ពុជា ដោយសារការវាយប្រហារពីយោធាថៃ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ទាំងអស់នេះសបញ្ជាក់អំពីការងារយ៉ាងសកម្ម មោះមុត ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលលើគ្រប់ចំណុចទាំងអស់ដោយគ្មានខ្វះចន្លោះ ឬធ្វេសប្រហែសឡើយ។



