ប្រដាល់សកល គ្រោងរៀបចំការប្រកួតកម្រិតអាជីពប្រចាំខែ ដើម្បីដុសខាត់សមត្ថភាពកីឡាករ-កីឡាការិនី

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងនឹងរៀបចំការប្រកួតកម្រិតអាជីពរៀងរាល់ខែ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីបានប្រកួតជាប្រចាំ និងដុសខាត់សមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា។ នេះបើតាមការបង្ហើបរបស់លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធប្រចាំត្រីមាស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោកថា ឆ្នាំថ្មីនេះសហព័ន្ធនឹងបន្ដពង្រឹងផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ក៏ដូចជាពង្រឹងអភិបាលកិច្ចល្អក្នុងសហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកចម្រើ។ ក្នុងនោះសហព័ន្ធក៏មានផែនការនឹងរៀបចំឲ្យមានការប្រកួតប្រចាំខែ សម្រាប់ផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី បានចូលរួមប្រកួតជាប្រចាំ ដើម្បីវាស់ស្ទង់ និងដុសខាត់សមត្ថភាព បច្ចេកទេស ឲ្យបានកាន់តែរីកចម្រើន ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
ប្រធានសហព័ន្ធដដែលបន្ដថា ការត្រៀមរៀបចំការប្រកួតប្រដាល់សកលកម្រិតអាជីពប្រចាំខែនេះ បន្ទាប់ពីសហព័ន្ធទទួលបានការគាំទ្រពីវិស័យឯកជន ហើយបើគ្មានការប្រែប្រួលនោះទេ កម្មវិធីថ្មីនេះនឹងចាប់ផ្ដើមនាចុងខែកុម្ភៈខាងមុខ។
ក្រៅពីនោះសហព័ន្ធក៏មានផែនការរៀបចំការប្រកួតប្រចាំសហព័ន្ធឲ្យបានច្រើន ក្នុងឆ្នាំ២០២៦ ក៏ដូចជាព្យាយាមបង្កើនការប្រកួតផ្សេងៗទៀត ដើម្បីផ្ដល់ឱកាសឲ្យកីឡករ-កីឡាការិនីមានការប្រកួតកាន់តែច្រើនផងដែរ៕

You might also like