បុរសម្នាក់ដែលជាមុខសញ្ញាញៀនថ្នាំ បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ដែលទុកសោជាប់នឹងម៉ូតូហើយចុះទៅទិញម្ហូប តែត្រូវអស់លក្ខណ៍ត្រឹមខ្នោះក្រោយពីអ្នកលក់ស្រែកផ្អើល

ខេត្តកណ្ដាល÷ បុរសម្នាក់ដែលជាមុខសញ្ញាញៀនថ្នាំ បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋដែលទុកសោជាប់នឹងម៉ូតូហើយចុះទៅទិញម្ហូប តែត្រូវអស់លក្ខណ៍ត្រឹមខ្នោះក្រោយពីអ្នកលក់ស្រែកផ្អើលឆោឡោ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ មករា ២០២៦ នៅចំណុចមុខតូបលក់ដូរ ភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ អូន បូរ៉ាន់ ហៅរ៉ាន់ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកគោ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម)។ ចំណែកឯជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហ៊ុំ រុន ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ។ វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃម៉ាក SAMSUNG ១ គ្រឿង។ រីឯម៉ូតូរបស់ជនរងគ្រោះម៉ាក Honda Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1S-4523 ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។
លោកអធិការបានបញ្ជាក់បន្ថែមថា នៅមុនពេលកើត ហេតុ ជនរងគ្រោះបានជិះម៉ូតូទៅទិញម្ហូបនៅចំណុចកើតហេតុ ដោយបានចតម៉ូតូទុកនៅមុខតូប ហើយមិនបានដកកូនសោចេញនោះទេ។ ឃើញឱកាសល្អ ជនសង្ស័យបានដើរចូលទៅឡើងជិះ និងបញ្ឆេះម៉ូតូត្រៀមជិះចេញ តែត្រូវបានអ្នកលក់ដូរនៅជិតនោះស្រែកថា «ចោរៗ» ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោផ្ដួលម៉ូតូរត់គេចខ្លួន។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានដេញតាមចាប់ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍សំរោងលើឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់ប្រើប្រាស់សារធាតុញៀនរយៈពេល ៦ឆ្នាំ មកហើយ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You might also like